ទីក្រុងមូស្គូ កំពុងគម្រាមកែប្រែគោលការណ៍អាវុធនុយក្លេអ៊ែររបស់ខ្លួន ជាការឆ្លើយតបទៅនឹងអ្វីដែលវិមានក្រឹមឡាំង ចាត់ទុកជាសកម្មភាពកើនឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធយោធាណាតូ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ហ្សើហ្គេ រីយ៉ាបកូវ (Sergei Ryabkov) បានចេញការព្រមានកាលពីថ្ងៃអង្គារទី១១មិថុនាសប្ដាហ៍នេះ នៅក្នុងការអត្ថាធិប្បាយទៅកាន់អ្នកសារព័ត៌មាន ដោយនិយាយថា គ្មានអ្វីត្រូវសង្ស័យទេ ការកើនឡើងនៃបញ្ហាប្រឈមបង្កើតឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានក្លាយជាភាពប្រឈមខ្លាំងចំពោះមុខយើង គ្របដណ្ដប់ដោយសំណួររាប់មិនអស់ថាតើរុស្ស៊ី ត្រូវកែប្រែច្បាប់គោលនយោបាយនុយក្លេអ៊ែររបស់ខ្លួនដោយរបៀបណាដើម្បីឲ្យស្របតាមតម្រូវការចាំបាច់នាពេលបច្ចុប្បន្ន។
លោកបាននិយាយថា ក្រុមអាជ្ញាធររុស្ស៊ីនឹងមិនផ្តល់ការជូនដំណឹងជាមុនអំពីការផ្លាស់ប្តូរដ៏ជាក់លាក់នឹងធ្វើឡើងចំពោះគោលនយោបាយយោធា នោះទេ ដោយដាក់ចេញនូវលក្ខខណ្ឌដែលប្រធានាធិបតីរុស្ស៊ីនឹងពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
ការអត្ថាធិប្បាយរបស់លោកកើតឡើងមិនដល់មួយសប្តាហ៍ទេ បន្ទាប់ពីលោក Vladimir Putin បានបានប្រលយពាក្យនៃការផ្លាស់ប្តូរគោលការណ៍នុយក្លេអ៊ែរនៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិក្រុង សេន ភីធើរស្បើក(St.Petersburg) ដោយហៅថាជា ឧបករណ៍រស់នៅ ដែលអាចផ្លាស់ប្តូរបាន និងព្រមានថា យើងកំពុងតាមដានដោយប្រុងប្រយ័ត្ននូវអ្វីដែលកំពុងកើតឡើងនៅជុំវិញពិភពលោក៕
