ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃពុធ (១២ មិថុនា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា ប្រទេសរបស់លោកគឺជា «សមមិត្តដ៏រឹងមាំដែលមិនអាចកាត់ថ្លៃបាន» ជាមួយរុស្ស៊ី នៅក្នុងសារមួយទៅកាន់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន (Vladimir Putin) ស្របពេលមានការរំពឹងទុកជុំវិញដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើង។

ដោយប្រារព្ធទិវាជាតិរបស់រុស្ស៊ី លោក គីម បាននិយាយថា ជំនួបរបស់ខ្លួនជាមួយលោក ពូទីន នៅឯទីតាំងបាញ់បង្ហោះយានអវកាសរុស្ស៊ី កាលពីឆ្នាំមុន បានលើកកម្ពស់ចំណងនៃ «ទំនាក់ទំនងយុទ្ធសាស្ត្រដែលមានអាយុកាលរាប់សតវត្សរ៍» របស់ពួកគេ។ សារនេះបានកើតឡើងបន្ទាប់ពីសារព័ត៌មាន វ៉េដូម៉ូស្ទី (Vedomosti) របស់រុស្ស៊ី កាលពីថ្ងៃចន្ទ បានរាយការណ៍ថាលោក ពូទីន នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង និងវៀតណាម ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

មន្ត្រីម្នាក់ក្នុងប្រទេសវៀតណាម បានប្រាប់សារព័ត៌មានរ៉យទ័រថា ដំណើរទស្សនកិច្ចនៅវៀតណាមនោះ ត្រូវបានគ្រោងធ្វើនៅថ្ងៃទី ១៩ និងថ្ងៃទី ២០ ខែមិថុនា ប៉ុន្តែមិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ។ វិមានក្រឹមឡាំងបាននិយាយថា រុស្ស៊ី ចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង «លើគ្រប់វិស័យ» ប៉ុន្តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនោះទេ។
លោក គីម បានធ្វើដំណើរទៅតំបន់ចុងបូព៌ារបស់រុស្ស៊ី កាលពីខែកញ្ញា ឆ្នាំមុន ដោយទៅទស្សនាមជ្ឈមណ្ឌលបង្ហោះយានអវកាស វ៉ូស្តូឆ្នី ខូស្មូដ្រូម (Vostochny Cosmodrome) ជាទីដែលលោក ពូទីន បានសន្យាថានឹងជួយលោកបង្កើតផ្កាយរណប។ ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បានបង្កើនទំនាក់ទំនងការទូត និងសន្តិសុខកាន់តែខ្លាំងឡើង ដោយធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋាភិបាល សភា និងគណៈប្រតិភូផ្សេងទៀតរវាងគ្នាទៅវិញទៅមកក្នុងប៉ុន្មានខែថ្មីៗនេះ៕