លោកស្រី ជូឌីត ស៊ូមីនវ៉ា ទូលូកា(Judith Suminwa Tuluka) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃអង្គារ រួមជាមួយសមាជិកដែលបានកាត់បន្ថយរួចចំនួន៥៤រូប ដោយបញ្ចប់ការពន្យារពេលជាងប្រាំមួយខែ បន្ទាប់ពីការបោះឆ្នោតឡើងវិញរបស់ប្រធានាធិបតី លោក ហ្វីលិក ស្ស៊ីសេកកេឌី(Felix Tshisekedi)។

លោក Tshisekedi បានទទួលជ័យជម្នះអាណត្តិទីពីរកាលពីចុងឆ្នាំ២០២៣ បន្ទាប់ពីការបោះឆ្នោតដែលបានផ្តល់ឱ្យក្រុមចម្រុះសហព័ន្ធរបស់លោកប្រហែល ៩៥ភាគរយ នៃអាសនៈនៅរដ្ឋសភា។ ប៉ុន្តែជម្លោះផ្ទៃក្នុងលើតំណែងរដ្ឋមន្ត្រី បានពន្យារពេលការបង្កើតរដ្ឋាភិបាល។
នៅទីបំផុត លោកប្រធានាធិបតី បានតែងតាំង លោកស្រី Suminwa ជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសកុងហ្គោ នៅថ្ងៃទី១ ខែមេសា និងអតីតនាយសេនាធិការរបស់លោក លោក វីតាល់ កាំមែហេ(Vital Kamerhe) ជាប្រធានសភា នៅថ្ងៃទី២២ ខែឧសភា ដោយត្រួសត្រាយផ្លូវសម្រាប់ការតែងតាំងគណៈរដ្ឋមន្ត្រីថ្មី។
រដ្ឋាភិបាលថ្មី មានរដ្ឋមន្ត្រីចំនួន៥៤រូប ជាការបង្រួមតិចជាងការរំពឹងទុកពី៥៧រូប កាលពីពេលពីមុន ទោះបីជាមានសម្ពាធដើម្បីឲ្យមានការកាត់បន្ថយការចំណាយក៏ដោយ។
នាយកផ្នែកទំនាក់ទំនងរបស់ លោក Tshisekedi លោកអ៊ីរីក នីយីនឌូ(Erik Nyindu) បាននិយាយថា ការពន្យារពេល បានអនុញ្ញាតឱ្យមានពេលវេលាដើម្បីស្វែងរកការសម្របសម្រួលរវាងភាគីចម្រុះ។
