អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) កាលពីថ្ងៃអង្គារ (១១ មិថុនា) បានបញ្ចេញឈ្មោះកងកម្លាំងប្រដាប់អាវុធ និងសន្តិសុខរបស់អ៊ីស្រាអែល ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងក្រុមជីហាតអ៊ីស្លាម ព្រមទាំងភាគីជម្លោះនៅក្នុងសង្រ្គាមស៊ូដង់ សម្រាប់ការសម្លាប់ និងបង្ករបួសលើកុមារក្នុងឆ្នាំ២០២៣ ដោយដាក់ពួកគេទៅក្នុងបញ្ជីពិរុទ្ធភាពសកលប្រចាំឆ្នាំសម្រាប់ការរំលោភបំពានដោយហិង្សាប្រឆាំងនឹងកុមារ។

នៅក្នុងរបាយការណ៍មួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ លោក ហ្គុយតឺរ៉េស ក៏បានរិះគន់ដល់កងកម្លាំងប្រដាប់អាវុធរបស់អ៊ីស្រាអែល និងស៊ូដង់ ដែលបានវាយប្រហារសាលារៀន និងមន្ទីរពេទ្យ ព្រមទាំងក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាមសម្រាប់ការចាប់ពង្រត់កុមារ។

បញ្ជីរាយនាមដែលភ្ជាប់ជាមួយរបាយការណ៍នេះ មានគោលបំណងធ្វើឱ្យភាគីជម្លោះទាំងឡាយមានភាពខ្មាស់អៀនក្នុងក្តីសង្ឃឹមថានឹងជំរុញឱ្យពួកគេអនុវត្តវិធានការការពារកុមារ។ បញ្ជីនេះរាយការណ៍តែអំពីការរំលោភបំពានដែលត្រូវបានផ្ទៀងផ្ទាត់ដោយអង្គការសហប្រជាជាតិប៉ុណ្ណោះ។
ប្រេសិតអង្គការសហប្រជាជាតិរបស់អ៊ីស្រាអែល លោក ហ្គីឡាដ អឺដាន (Gilad Erdan) បាននិយាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា លោកត្រូវបានគេជូនដំណឹងថាយោធារបស់អ៊ីស្រាអែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីនោះ ដោយពណ៌នាការសម្រេចនេះថា «ជារឿងដ៏គួរឱ្យអាម៉ាស់»៕
