ប្រភពព័ត៌មានស្និទ្ធទៅនឹងរដ្ឋាភិបាលប្រទេសជប៉ុននិយាយថា ទីក្រុងតូក្យូ កំពុងពិចារណាការដាក់ទណ្ឌកម្មថ្មីលើអង្គភាពទាំងឡាយណាដែលសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងការផ្តល់សម្ភារៈដល់ប្រទេសរុស្ស៊ី ដែលអាចបំប្លែងទៅជាការប្រើប្រាស់សម្រាប់ផ្នែកយោធា។

ពួកគេនិយាយថា ទណ្ឌកម្មអាចរួមមាន បម្រាមលើការនាំចេញពីប្រទេសជប៉ុន ទៅកាន់ការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសទីបី រួមទាំងនៅក្នុងប្រទេសចិន។
ផែនការនេះ គឺសំដៅបង្កើនសម្ពាធលើសកម្មភាពនានាដែលជួយដល់ប្រតិបត្តិការយោធារបស់រុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន។ សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភកាលពីដើមឆ្នាំនេះ អំពីការនាំចេញរបស់ប្រទេសចិន ទៅកាន់ប្រទេសរុស្ស៊ី នូវសារធាតុនីដ្រូស៊ែលលុយឡូស(nitrocellulose) ជាសម្ភារៈប្រើប្រាស់បានពីរផ្នែក ដែលអាចត្រូវបានប្រើប្រាស់សម្រាប់ការផលិតគ្រាប់រំសេវ។

នៅពេលដែលគោលនយោបាយដាក់ទណ្ឌកម្ម ត្រូវបានអនុវត្ត នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio នឹងបង្ហាញដល់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង៧ផ្សេងទៀត ឬ ប្រទេស G7 នៅក្នុងកិច្ចប្រជុំកំពូលនៅប្រទេសអ៊ីតាលី។ កិច្ចប្រជុំនេះ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃព្រហស្បតិ៍។
ការដាក់ទណ្ឌកម្មរបស់ប្រទេសជប៉ុន លើក្រុមហ៊ុននៅក្នុងប្រទេសចិន នឹងក្លាយជាលើកដំបូងដែលទាក់ទងទៅនឹងការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន។
ក្រុមអ្នកសង្កេតការណ៍ បាននិយាយថាចំណាត់ការនេះ នឹងជំរុញឱ្យប្រទេសចិន ធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ សម្រាប់សន្តិភាព និងស្ថិរភាពពិភពលោក។