កំពង់ឆ្នាំង៖ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានប្តេជ្ញាចិត្តក្នុងអាណត្តិទី៤នេះ សមាជិកក្រុមប្រឹក្សាទាំង២៣រូបត្រូវធ្វើការទ្វេរដងពីអាណត្តិទី៣ ដោយពង្រឹងរបៀបធ្វើការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវរបស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យសម្រេចគោលដៅមូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការប្រសើរឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រឹតខ្ពស់នៅឆ្នាំ២០៣០។
ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តបានថ្លែងបន្តថា ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្រ្តីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ។ ក្រុមប្រឹក្សាខេត្ត បានគិតពីគោលដៅរួមគ្នាក្នុងការផ្តល់សេវាសាធារណៈ ធានាសន្តិសុខសុវត្ថិភាព លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងអបអរសាទរកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីខិតខំបន្តដឹកនាំខេត្តកំពង់ឆ្នាំង ឲ្យបន្តរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ដោយត្រូវតែខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ៕ កាំង ហុងវាស្នា






