ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កំពុងលើកឡើងពីលទ្ធភាពឧក្រិដ្ឋកម្មសង្រ្គាមដោយកងកម្លាំងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនពាក់ព័ន្ធនឹងការវាយឆ្មក់ដ៏សាហាវរបស់កងកម្លាំង អ៊ីស្រាអែល ដែលបានដោះលែងចំណាប់ថ្នូរ ៤នាក់ កាលពីចុងសប្តាហ៍ និងបានសម្លាប់ប្រជាជនប៉ាឡេ ស្ទីនរាប់រយនាក់។

អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស លោក Jeremy Laurence បានសម្តែងការព្រួយបារម្ភអំពីការរំលោភលើច្បាប់នៃភាពស្មើគ្នា ភាពខុសគ្នា និងសន្តិសុខ ដោយកងកម្លាំងអ៊ីស្រាអែល ក្នុងការវាយឆ្មក់ កាលពីថ្ងៃសៅរ៍ នៅឯជំរំជនភៀសខ្លួនNuseirat។
មន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៧៤នាក់ រួមទាំងស្ត្រី និងកុមារជាច្រើននាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការនេះ។

លោក Laurence បាននិយាយថា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនដែលកំពុងឃុំខ្លួនចំណាប់ថ្នូរ នៅក្នុងតំបន់ដែលមានប្រជាជនច្រើន កំពុងធ្វើឲ្យជីវិតរបស់ជនស៊ីវិល នៅក្បែរនោះ និងចំណាប់ថ្នូរប្រឈមនឹង«ហានិភ័យបន្ថែម»ពីអរិភាពនេះ។
លោកបានប្រាប់សន្និសីទរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវថា៖«សកម្មភាពទាំងអស់នេះរបស់ភាគីទាំងពីរ អាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម»។