ប្រព័ន្ធផ្សព្វផ្សាយ យូក្រាយីនស្កា ប្រាវដា(Ukrayinska Pravda) បានរាយការណ៍ កាលពីថ្ងៃអង្គារថា សហភាពអឺរ៉ុប កំពុងពិចារណាការបន្ថែមពេលផ្តល់ការការពារបណ្តោះអាសន្នរយៈពេលមួយឆ្នាំបន្ថែមទៀតដល់ជនភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ដោយសារជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។

យោងតាមរបាយការណ៍ បានឲ្យដឹងថា គណៈកម្មការអឺរ៉ុប បានស្នើឱ្យពន្យាររបបពិសេសចាប់ពីថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៦។
ក្រុមប្រឹក្សាយុត្តិធម៌ និងកិច្ចការផ្ទៃក្នុងរបស់សហភាពអឺរ៉ុប មានផែនការយកមកពិចារណាលើសំណើនេះ នៅថ្ងៃទី១៣ ខែមិថុនា។
បច្ចុប្បន្ន ប្រជាជនជិត ៤,២ លាននាក់ ដែលបានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ខណៈជួបផលវិបាកនៃជម្លោះ រុស្ស៊ី និងអ៊ុយក្រែន បានទទួលទីជម្រកបណ្តោះអាសន្ននៅក្នុងរដ្ឋជាសមាជិករបស់សហភាពអឺរ៉ុប។

របបពិសេស ផ្តល់ឱ្យពួកគេនូវសិទ្ធិស្នាក់នៅ ព្រមទាំងដំណើរការចូលទៅកាន់ទីផ្សារការងារ វេជ្ជសាស្ត្រ និងការទទួលបានជំនួយផ្សេងៗទៀត។
ការការពារបណ្តោះអាសន្ន គឺជាវិធានការបន្ទាន់របស់សហភាពអឺរ៉ុប សម្រាប់ប្រជាជន ដែលពុំមែនជាប្រជាជនរបស់សហភាពអឺរ៉ុប ក្នុងករណីមានការជម្លៀសខ្លួនទ្រង់ទ្រាយធំ ដោយសារតែកាលៈទេសៈធ្ងន់ធ្ងរផ្សេងៗ។
កាលពីខែមីនាឆ្នាំ២០២២ សហភាពអឺរ៉ុប បានណែនាំការការពារបណ្តោះអាសន្នដល់ប្រជាជនអ៊ុយក្រែន ដែលភៀសខ្លួនចេញពីសង្រ្គាម ហើយកាលពីខែកញ្ញាឆ្នាំ២០២៣ វិធានការត្រូវបានបន្តរហូតដល់ ខែមីនា ឆ្នាំ២០២៥ ។
