ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃអង្គារ (១១ មិថុនា) បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកាត់បន្ថយអំពើហិង្សាដោយកាំភ្លើង និងបានអំពាវនាវឱ្យមានការរឹតបន្តឹងបន្ថែមទៀតលើអាវុធ នៅក្នុងការជួបជុំមួយក្នុងទីក្រុងវ៉ាស៊ីនតោន។

ព្រឹត្តិការណ៍ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការទប់ស្កាត់អាវុធខុសច្បាប់នេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកូនប្រុសរបស់លោកឈ្មោះ ហាន់ធឺ បៃដិន (Hunter Biden) ត្រូវបានកាត់ទោសពីបទកាន់កាប់អាវុធដោយខុសច្បាប់ពេលកំពុងប្រើប្រាស់គ្រឿងញៀន។
នៅលើឆាក ប្រធានាធិបតីបក្សប្រជាធិបតេយ្យរូបនេះមិនបាននិយាយពីការផ្តន្ទាទោសកូនប្រុសខ្លួនទេ ប៉ុន្តែបានលើកឡើងពីខួបពីរឆ្នាំនៃច្បាប់ទ្វេរបក្សស្ដីពីសុវត្ថិភាពសហគមន៍ (BSC)។ ច្បាប់នោះត្រូវបានជំរុញដោយការបាញ់ប្រហារទ្រង់ទ្រាយធំនៅសាលាបឋមសិក្សាមួយនៅរដ្ឋតិចសាស់ (Texas) និងផ្សារទំនើបក្រុងញូវយ៉ក (New York)។

ច្បាប់នេះបានបង្កើតបទល្មើសព្រហ្មទណ្ឌថ្មីសម្រាប់ការទិញអាវុធពីឈ្មួញកណ្ដាលដោយអ្នកទិញដែលមិនប្រាប់ពីម្ចាស់ពិតប្រាកដនៃកាំភ្លើង ក្នុងចំណោមបទប្បញ្ញត្តិផ្សេងទៀត ហើយលោក បៃដិន បានគូសបញ្ជាក់ថា នោះគឺជាការវិនិយោគរបស់រដ្ឋបាលលោកក្នុងសុវត្ថិភាពសាធារណៈ។
ទន្ទឹមនឹងនេះ ប្រធានាធិបតីបក្សប្រជាធិបតេយ្យរូបនេះក៏កំពុងប្រឈមមុខនឹងការតស៊ូដ៏ស្វិតស្វាញប្រឆាំងនឹងអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដើម្បីឈ្នះអាណត្តិទីពីរនៅក្នុងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា។ កាលពីខែមុន លោក ត្រាំ បានទទួលការគាំទ្រពីក្រុមសិទ្ធិប្រើប្រាស់កាំភ្លើង ដ៏ល្បីល្បាញរបស់ប្រទេស ហើយបានសន្យាថានឹងលុបចោលបទប្បញ្ញត្តិកាំភ្លើងដែលដាក់ដោយលោក បៃដិន៕