បាល់ទាត់៖ ក្រុមបិសាចក្រហមប៊ែលហ្ស៊ិកនៅតែបន្តឈរលេខ ១ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA World Ranking ដដែល ខណៈក្រុមជើងឯកទ្វីបអឺរ៉ុបថ្មីថ្មោងអ៊ីតាលី និងក្រុមជើងឯក Copa America អាហ្សង់ទីនសុទ្ធតែកើនឡើងចំណាត់ថ្នាក់ល្អជាងមុន។
ក្រុមរបស់លោក Roberto Martinez ប៊ែលហ្ស៊ិកនៅតែបន្តរក្សាតំណែងកំពូលលើលោកតាំងពីចុងឆ្នាំ២០១៨ មកដល់ពេលនេះ ហើយនៅរក្សាតំណែងនេះបានទោះបីធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយនៅ Euro ២០២០ ក្រោមថ្វីជើងអ៊ីតាលី។ ចំណែកអ៊ីតាលីដែលទម្លាក់ប៊ែលហ្ស៊ិកនោះ បានកើនពីលេខ ៧ មកលេខ ៥ និងនៅតែនៅពីក្រោមអង់គ្លេសដែលចាញ់អ៊ីតាលីនៅវគ្គផ្តាច់ព្រ័ត្រ។ រីឯក្រុមជើងឯក Copa America អាហ្សង់ទីនក៏បានកើនឡើង ២ ចំណាត់ថ្នាក់ដែរពីលេខ ៨ មកលេខ ៦។
ជាមួយគ្នានោះដែរក្រុមជើងឯក Gold Cup អាមេរិកបានផ្លោះដល់ទៅ ១០លេខពីលេខ ២០ មកលេខ ១០ ដែលជាចំណាត់ថ្នាក់ល្អបំផុតរាប់តាំងពីឆ្នាំ២០០៦ ដោយនៅពេលនោះអាមេរិកហក់ដល់លេខ ៤៕
អត្ថបទ៖នាង សុភាវុធ