ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មការអន្តរក្រសួង នឹងរៀបចំពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤- ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្នុងស្មារតីចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិនៃយើង គណៈកម្មការអន្តរក្រសួង នឹងរៀបចំពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅមហាចេតិយតំបន់ ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។


