តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ (១២ មិថុនា) នេះ គ្រោងនឹងធ្វើការជំនុំជម្រះលើសំណុំរឿងដែលស្វះស្វែងរកការរំសាយគណបក្សប្រឆាំង បោះជំហានទៅមុខ (MFP) ដែលជាបក្សឈ្នះការបោះឆ្នោតសកលកាលពីឆ្នាំមុន ជុំវិញការសន្យាក្នុងយុទ្ធនាការដ៏សំខាន់មួយ។

សវនាការនេះគឺជាផ្នែកមួយនៃសំណុំរឿងតុលាការដ៏រសើបចំនួនបី ដែលបានបង្កើនភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅក្នុងប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍។ តុលាការ ដែលគេរំពឹងថានឹងចេញសេចក្តីថ្លែងការណ៍នៅថ្ងៃពុធនេះ មិនបានកំណត់ថ្ងៃប្រកាសសាលក្រមលើសំណុំរឿងដែលពាក់ព័ន្ធនឹងការរំសាយបក្ស បោះជំហានទៅមុខ MFP នេះទេ។

កាលពីខែមេសា តុលាការបានយល់ព្រមបើកសវនាការលើសំណុំរឿងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលស្វះស្វែងរកការរំលាយបក្ស MFP និងដាក់បម្រាមនយោបាយរយៈពេល ១០ ឆ្នាំលើបណ្ដាថ្នាក់ដឹកនាំរបស់គណបក្ស ដោយសារយុទ្ធនាការកំណែទម្រង់លើច្បាប់ប្រមាថព្រះមហាក្សត្រ ឬច្បាប់ប្រមាថព្រះចេស្ដា របស់ប្រទេស។
ច្បាប់ ដែលការពាររបបរាជានិយមពីការប្រមាថ និងការបរិហារកេរ្តិ៍ ផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ឆ្នាំសម្រាប់បទល្មើសនីមួយៗតាមជាក់ស្ដែង។ យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ សប្ដាហ៍មុនបានឱ្យដឹង នៅក្នុងឯកសារសំណើការពារក្តីរបស់ខ្លួន បក្សបោះជំហានទៅមុខ បាននិយាយថា ពាក្យបណ្តឹងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត គឺមិនស្របច្បាប់ទេ ហើយបានជំទាស់នឹងយុត្តាធិការរបស់តុលាការធម្មនុញ្ញលើបញ្ហានេះផងដែរ៕