នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» រយៈពេល២ថ្ងៃ ពីថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងសន្និសីទសារព័ត៍មាន ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ នៅព្រឹកថ្ងៃទី១២ ខែមិថុនានេះ បានមានប្រសាសន៍ថា ទិវាជាតិនេះ នឹងមានការដាក់តាំងបង្ហាញ និងការប្រកួតប្រជែងនូវស្នាដៃរបស់សិស្ស និស្សិត ដែលមាន គំនិតច្នៃប្រឌិត នវានុវត្តន៍ ពាក់ព័ន្ធនឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ វិស័យឯកជន និងវិស័យពាក់ព័ន្ធនានា និងអាចប្រើប្រាស់ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ បម្រើដល់ការងារសង្គម វិស័យ កសិកម្ម ពាណិជ្ជកម្ម សំណង់ និងឧស្សាហកម្ម ដោយត្រូវឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការរៀបចំការប្រកួត និងការបោះឆ្នោតលើភាពពេញចិត្តពីសំណាក់អ្នកចូលរួមទស្សនា។
បើតាមឯកឧត្តម ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានលើកឡើងថា គោលបំណងសំខាន់នៃការរៀបចំទិវាជាតិនេះឡើង ដើម្បីផ្សព្វផ្សាយអំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងដើម្បីទាក់ទាញឲ្យសាធារណជន ក៏ដូចជាលើកទឹកចិត្តដល់មាតាបិតា និងអាណាព្យាបាល ចូលរួមជំរុញលើកទឹកចិត្តឲ្យកូនងាកមករៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈកាន់តែច្រើនឡើងថែមទៀត ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងទៅថ្ងៃអនាគត៕
