ប្រទេសចិនបាននិយាយថាឧបទ្ទវហេតុពាក់ព័ន្ធនឹងគ្រូបង្រៀនបួននាក់មកពីមហាវិទ្យាល័យអាមេរិក ដែលត្រូវបានចាក់ឲ្យរងរបួស នៅពេលដើរនៅក្នុងឧទ្យាន មិនគួរប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បាននិយាយកាលពីថ្ងៃអង្គារថា យើងជឿថាឧបទ្ទវហេតុនេះ នឹងមិនរំខានដល់ការផ្លាស់ប្តូរវប្បធម៌ និងប្រជាជនរវាងប្រទេសទាំងពីរទេ ។ ចិននឹងបន្តចាត់វិធានការពាក់ព័ន្ធដើម្បីការពារសុវត្ថិភាពជនបរទេស។
នគរបាលក្នុងតំបន់បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ការវាយប្រហារដោយកាំបិតនោះបានកើតឡើងកាលពីថ្ងៃទី ១០ ខែមិថុនា នៅក្នុងទីក្រុង ជីលីន (Jilin) ដែលមានប្រជាជនប្រហែល៤,១លាននាក់ នៅក្នុងតំបន់ក្រវ៉ាត់ក្រុងរបស់ប្រទេសចិន។
នគរបាលបាននិយាយថា ជនសង្ស័យម្នាក់ជាបុរសក្នុងតំបន់ ត្រូវបានឃាត់ខ្លួននៅថ្ងៃកើតហេតុនោះ ខណៈអ្នករងរបួសទាំងនោះ រួមមានជនជាតិចិនម្នាក់ផងដែរ បានទទួលការព្យាបាល។ លោក លីន បាននិយាយថាចំណោមគ្រូបង្រៀនទាំង៤នាក់ គ្មាននរណាម្នាក់រងរបួសធ្ងន់ទេ។
អ្នកនាំពាក្យក្រសួងការបរទេសចិនខាងលើ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលឬសារអេឡិចត្រូនិក ថា សហរដ្ឋអាមេរិកបានដឹងឧបទ្ទវហេតុនេះហើយ និងកំពុងតាមដានស្ថានការណ៍នេះ៕
