បាល់ទាត់៖ លោក Marcelo Bielsa បានសំរេចចុះហត្ថលេខាបន្តកិច្ចសន្យាដឹកនាំ Leeds United មួយឆ្នាំទៀតបន្ទាប់ពីចំណាយពេលចរចាមួយសប្តាហ៍ចុងក្រោយនេះ។ កិច្ចព្រមព្រៀងកិច្ចសន្យាថ្មីត្រូវបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អមជាមួយនឹងដំណោះស្រាយដែលជាប់គាំង ពោលគឺកិច្ចសន្យាចាស់បានផុតសុពលភាពទៅហើយ ស្របពេលរដូវកាលថ្មីនឹងចាប់ផ្តើមនៅយប់នេះហើយ។

រំលឹកថាបុរសវ័យ ៦៦ឆ្នាំរូបនេះត្រូវបានប្រកាសតែងតាំងអោយដឹកនាំ Leeds United នៅខែមិថុនា ឆ្នាំ២០១៨។ រដូវកាលដំបូងក្រោមការដឹកនាំរបស់លោក Bielsa យើងឃើញ Leeds United ឡើងដល់វគ្គ Play-Off មុនពេលដឹកនាំក្រុមឈ្នះជើងឯក League Championship រដូវកាលបន្ទាប់ឡើងមកកាន់ English Premier League ជាលើកដំបូងគិតពីឆ្នាំ២០០៤។ សូមបញ្ជាក់ថា នេះមិនមែនជារឿងថ្មីទេដែលលោក Marcelo Bielsa បានទុកឱ្យកិច្ចសន្យារបស់ខ្លួនរហូតអស់សុពលភាពបែបនេះ ពោលគឺលោកតែងតែបន្តកិច្ចសន្យាមិនលើសពីមួយឆ្នាំឡើយ៕
អត្ថបទ៖នាង សុភាវុធ