ក្រុមមន្ត្រីបាននិយាយថា ការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ កាលពីថ្ងៃអង្គារ បានកើតមាននៅផ្នែកជាច្រើននៃទឹកដីរដ្ឋធានីរបស់ប្រទេសឥណ្ឌា។

រដ្ឋាភិបាលតំបន់ បានសន្មត់ថាការដាច់ចរន្តអគ្គិសនីនេះ គឺបណ្តាលមកពីអគ្គិភ័យឆាបឆេះ នៅស្ថានីយ៍ចែកចាយអគ្គិសនីបន្ត របស់ក្រុមហ៊ុនសាជីវកម្មបណ្តាញអគ្គិសនី របស់ប្រទេសឥណ្ឌា ក្នុងទីក្រុង Mandola នៃរដ្ឋ Uttar Pradesh ។
លោកស្រី Atishi រដ្ឋមន្ត្រីក្រសួងថាមពលទីក្រុង Delhi បាននិយាយថា ដំណើរការស្តារថាមពលឡើងវិញ បានចាប់ផ្តើម ហើយពេលនេះអគ្គិសនីប្រើប្រាស់បានឡើងវិញជាបណ្តើរៗ ដែលបានតភ្ជាប់ទៅកាន់តំបន់ផ្សេងៗគ្នា។
ប៉ុន្តែបញ្ហាធំ ចំពោះបណ្តាញអគ្គិសនីរបស់ប្រទេស កំពុងធ្វើឲ្យមានការព្រួយបារម្ភខ្លាំង។
ការដាច់ចរន្តអគ្គិសនី បានកើតឡើងក្នុងពេលដែលទឹកដីនៃរដ្ឋធានីនេះ កំពុងទប់ទល់ទៅនឹងសីតុណ្ហភាពកើនឡើងខ្ពស់ ដែលបានបន្ថែមទុក្ខលំបាក ដល់ប្រជាជន។

យោងតាមមន្ត្រីនាយកដ្ឋានឧតុនិយមរបស់ប្រទេសឥណ្ឌាបាននិយាយថា សីតុណ្ហភាពក្នុងទីក្រុង Delhi កាលពីរសៀលថ្ងៃអង្គារ បានហក់ឡើងក្នុងរង្វង់ ៤២ អង្សាសេ ដែលបានបណ្តាលឲ្យប្រជាជនឥណ្ឌាស្លាប់ដោយសាររលកកម្តៅកើនឡើងដល់ជាង២៥០នាក់។