ធនាគារពិភពលោកបាននិយាយនៅថ្ងៃពុធ (១២ មិថុនា) នេះថា ភាពក្រីក្រនៅក្នុងសហភាពមីយ៉ាន់ម៉ា គឺរីករាលដាលជាងពេលណាៗទាំងអស់ក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ ហើយកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសដែលហែកហួរដោយជម្លោះមួយនេះទំនងជានៅតែស្ថិតក្នុងកម្រិតប្រហែល ១ ភាគរយក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ជាមួយនឹងចក្ខុវិស័យធូរស្រាលបន្តិចបន្តួចប៉ុណ្ណោះ។

ធនាគារបាននិយាយនៅក្នុងរបាយការណ៍ ស្តីពីប្រជាជាតិអាស៊ីអាគ្នេយ៍ដែលស្ថិតក្នុងភាពចលាចលនយោបាយ និងសេដ្ឋកិច្ចចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ នេះថា ការកើនឡើងនៃអំពើហិង្សា កង្វះកម្លាំងពលកម្ម និងតម្លៃរូបិយប័ណ្ណធ្លាក់ចុះបានធ្វើឱ្យប្រជាជនពិបាកក្នុងការធ្វើអាជីវកម្ម។

របាយការណ៍នោះបន្ថែម «ការធ្លាក់ចុះនៅក្នុងកំណើនដែលបានព្យាករសម្រាប់ឆ្នាំ ២០២៤-២០២៥ គឺភាគច្រើនដោយសារតែភាពជាប់លាប់នៃអតិផរណាខ្ពស់ និងឧបសគ្គលើលទ្ធភាពទទួលបានការងារ ការផ្លាស់ប្តូរប្រាក់បរទេស និងអគ្គិសនី ដែលទាំងអស់នេះទំនងជាមានផលប៉ះពាល់ធំជាងគេ»។
សង្រ្គាមស៊ីវិល ដែលកំពុងអង្រួនប្រទេស ខណៈក្រុមប្រដាប់អាវុធថ្មីៗ និងក្រុមជនជាតិភាគតិចកំពុងប្រយុទ្ធតតាំងនឹងរបបសឹក បាននាំឱ្យមានការផ្លាស់ទីលំនៅរបស់មនុស្សជាង ៣ លាននាក់ និងបាននាំឱ្យអត្រាភាពក្រីក្រឡើងដល់ ៣២,១ ភាគរយ ដូចទៅនឹងកាលឆ្នាំ២០១៥ នេះបើយោងតាមធនាគារពិភពលោក៕
