
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹតរបស់ប្រធានាធិបតី កាលពីថ្ងៃអង្គារ ដើម្បីធ្វើបច្ចុប្បន្នភាព សមាសភាពនៃគណៈកម្មការឧស្សាហកម្មយោធា និងក្រុមប្រឹក្សាដោយតែងតាំងសមាជិកថ្មី រួមទាំងរដ្ឋមន្ត្រីការពារជាតិ លោក អាន់ដ្រេ បេលូសូវ(Andrei Belousov)។
គណៈកម្មាការនេះ ស្ថិតក្នុងស្ថាប័នរដ្ឋាភិបាលដែលទទួលខុសត្រូវសម្រាប់ការត្រួតពិនិត្យឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី។ សមាជិកដែលត្រូវបានតែងតាំងថ្មី ក៏រួមមានលោក អាន់តុន អាលីខាន់ណូវ(Anton Alikhanov) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម និងលោក អាឡិចសី ឌីយូមីន(Alexey Dyumin) ជាជំនួយការប្រធានាធិបតី។
មុខតំណែងរបស់ លោក ដេនីស ម៉ានទួរ៉ូវ(Denis Manturov) ឧបនាយករដ្ឋមន្ត្រីទីមួយ លោក ម៉ាស៊ីម អូរ៉េសគីន(Maxim Oreshkin) នាយរងសេនាធិកានៃការិយាល័យប្រតិបត្តិប្រធានាធិបតី និងលោក សែហ្កេ សយហ្គូ(Sergei Shoigu) រដ្ឋមន្ត្រីក្រុមប្រឹក្សាសន្តិសុខ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីបង្ហាញពីតួនាទីបច្ចុប្បន្ន។ លោក នីកូឡៃ ប៉ាទ្រូសេវ (Nikolai Patrushev) ដែលកាលពីពេលមុនជារដ្ឋមន្ត្រីក្រុមប្រឹក្សាសន្តិសុខ ហើយបច្ចុប្បន្ននេះជាជំនួយការរបស់លោក Putin ត្រូវបានដកចេញពីគណៈកម្មការត្រួតពិនិត្យ។
បន្ថែមលើនេះ ក្រុមគណៈកម្មាការ ត្រូវបានផ្លាស់ប្តូរថ្មី ដើម្បីរួមបញ្ចូលប្រធានអ្នករៀបចំ និងអ្នកដឹកនាំនៃសហគ្រាសមួយចំនួន ដែលបង្ហាញពីទម្ងន់ជាយុទ្ធសាស្ត្រលើនវានុវត្តន៍និងភាពជាអ្នកដឹកនាំក្នុងវិស័យការពារជាតិ។
ដឹកនាំដោយលោកពូទីន គណៈកម្មការឧស្សាហកម្មយោធា ត្រូវបានបង្កើតឡើង ដើម្បីអនុវត្តគោលនយោបាយរដ្ឋ ក្នុងវិស័យឧស្សាហកម្មយោធា និងជំនួយបច្ចេកទេសយោធា សម្រាប់វិស័យការពារជាតិ សន្តិសុខរដ្ឋ និងការអនុវត្តច្បាប់ របស់ប្រទេស ។