
ក្រុមម្ចាស់ធុរកិច្ច និងអតិថិជន នៅក្នុងទីក្រុងការ៉ាឈី និយាយកាលពីថ្ងៃអង្គារថា ប្រជាពលរដ្ឋប៉ាគីស្ថាន បានងាកមកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ស្របពេលថ្លៃអគ្គិសនីហក់ឡើងខ្ពស់ និងដាច់ចរន្តអគ្គិសនីញឹកញាប់ខ្លាំងពេក ។
លោក Haji Sanaullah គឺជាម្ចាស់ហាងលក់ទំនិញមួយកន្លែងនៅក្នុងទីក្រុងការ៉ាឈី និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ហេតុផលមួយទៀត គឺតម្លៃបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យទាំងនេះ ធ្លាក់ថ្លៃ ។
គួរឲ្យដឹងថា ប្រទេសប៉ាគីស្ថាន តែងតែកើតមានការកាត់ផ្តាច់ចរន្តអគ្គិសនីញឹកញាប់ ដែលត្រូវបានគេដាក់ការស្តីបន្ទោសលើការគ្រប់គ្របពុំបានត្រឹមត្រូវ និងហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ ។
លោក Saeed Jan Baloch ដែលស្ថិតនៅក្នុងចំណោមអតិថិជនទិញបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ និយាយថា ការដាច់ចរន្តអគ្គិសនីរយៈពេលច្រើនម៉ោង គឺជាការឈឺចាប់ខ្លាំងណាស់ សម្រាប់គ្រួសារមានសមាជិក ៥នាក់របស់លោក ។
លោកបន្តថា ទីក្រុងការ៉ាឈី ប្រឈមនឹងការដាច់ចរន្តអគ្គិសនីរយៈពេល ១៣-១៤ម៉ោង ក្នុង ១ថ្ងៃ ដូច្នេះហើយការដាច់ចរន្តអគ្គិសនីយូរបែបនេះ គឺជាការឈឺចាប់មួយសម្រាប់រូបលោក និងគ្រួសាររបស់លោក ។
សូមបញ្ជាក់ថា កាលពីឆ្នាំមុន ការដំឡើងតម្លៃពន្ធអគ្គិសនី បង្កឲ្យមានការតវ៉ានៅក្នុងប្រទេសដែលមានពលរដ្ឋជិត ២២០លាននាក់មួយនេះ ៕