
មន្ត្រីអ៊ុយក្រែន បាននិយាយថា ប្រទេសរុស្សី បានចាប់ផ្តើមប្រើប្រាស់នាវាមុជទឹក ដើម្បីល្បាតនៅសមុទ្រខ្មៅ បន្ទាប់ពីទទួលរងការខាតបង់ដ៏ធំរបស់កងទ័ពជើងទឹក។
លោក Dmitry Pletenchuk អ្នកនាំពាក្យបញ្ជាការយោធាភាគខាងត្បូងអ៊ុយក្រែន បានធ្វើសេចក្តីថ្លែងការណ៍នេះ តាមទូរទស្សន៍ជាតិអ៊ុយក្រែនកាលពីថ្ងៃចន្ទ។ នេះបើយោងតាមសារព័ត៌មាន Ukrainska Pravda។
លោក Pletenchuk បានអះអាងថា ពេលនេះ រុស្ស៊ីកំពុងដាក់ពង្រាយនាវាមុជទឹកចំនួន ៤គ្រឿង ដែលក្នុងនោះមាននាវាផ្ទុកមីស៊ីលចំនួន ៣គ្រឿង ដើម្បីល្បាតនៅសមុទ្រខ្មៅ។
យោងតាមសារព័ត៌មាន Kyiv Independent លោក Pletenchuk បាននិយាយថា កងកម្លាំងរុស្ស៊ី «បានបង្កើតប្រព័ន្ធរួចហើយ ដែលនាវាមុជទឹកទាំងនេះ ត្រូវប្តូរវេនគ្នា នៅពេលព្រឹក»។
លោកបានបន្ថែមថា នាវាមុជទឹក កំពុងប្រតិបត្តិការនៅក្នុងតំបន់ Azov-Black Sea ដោយមាននាវាពីរគ្រឿងទៅសមុទ្រ«តាមពេលកំណត់»។
សេចក្តីថ្លែងការណ៍របស់ លោក Pletenchuk បានកើតឡើង បន្ទាប់ពីកងទ័ពជើងទឹករុស្ស៊ី បានទទួលរងការខាតបង់ជាបន្តបន្ទាប់ នៅក្នុងសមុទ្រខ្មៅ។
អ៊ុយក្រែន បានដាក់ពង្រាយយានដ្រូន មីស៊ីល និងសព្វាវុធផ្សេងទៀត ដើម្បីតាមពីក្រោយនាវាចម្បាំងរុស្ស៊ី រួមទាំងនាវាតូចៗ ដូចជានាវសណ្តោងជាដើម។ កាលពីដើមឆ្នាំនេះ យោធាអ៊ុយក្រែន បានអះអាងថា បានកម្ទេចមួយភាគបីនៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី។