
រូបភាពរូបវីដេអូឃ្លីបរបស់សាក្សី ឃើញផលប៉ះពាល់ទ្រង់ទ្រាយធំបង្កឡើងដោយសារភ្លើងឆេះព្រៃកាលពីថ្ងៃអង្គារ ដែលកំពុងឆាបឆេះតំបន់ភាគខាងត្បូងភូមិ Twin Lakes ស្ថិតក្នុងរដ្ឋ Colorado សហរដ្ឋអាមេរិក ។ សារព័ត៌មានក្នុងស្រុក រាយការណ៍ថា បទបញ្ជាឲ្យត្រៀមជម្លៀសខ្លួន ត្រូវបានចេញ ស្របពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមទប់ស្កាត់អណ្តាតភ្លើង ។ យោងតាមការអះអាងរបស់សេវាកម្មព្រៃឈើសហរដ្ឋអាមេរិក បានឲ្យដឹងថា មូលហេតុបណ្តាលឲ្យភ្លើងឆេះព្រៃ នៅពុំទាន់ដឹងច្បាស់នោះទេ ប៉ុន្តែភ្លើងឆេះព្រៃនេះ បានឆាបឆេះដីព្រៃជាង ៦៦ហិចតារួចហើយ ត្រឹមរយៈពេល ១ថ្ងៃប៉ុណ្ណោះ ។ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃ ដោយមានការជួយធ្វើអន្តរគមន៍ពីយន្តហោះពន្លត់ភ្លើងឆេះព្រៃ ។ សំណាងដែលគ្មានសេចក្តីរាយការណ៍ពីអ្នករងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិត មកទល់នឹងពេលនេះ ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងថតរបស់វីដេអូ ពីទីតាំងផ្ទះសម្បែងប្រជាពលរដ្ឋ ផ្ទៃទឹកបឹង ព្រៃឈើ និងភ្នំ ដែលផ្គូផ្គងជាមួយរូបភាពផ្កាយរណប ៕