
លោក Donald Trump អាចត្រូវបានទាក់ទាញឲ្យយកការផ្ដន្ទាទោសលើលោក Hunter Biden ជុំវិញការចោទប្រកាន់ពីបទល្មើសឧក្រិដ្ឋគ្រប់គ្រងកាំភ្លើង ប្រើប្រាស់ជាការវាយប្រហារក្នុងយុទ្ធនាការប្រឆាំងនឹងលោក Joe Biden ដែលមានភាពស្និទ្ធស្នាលជាមួយកូនប្រុសរបស់លោក ប៉ុន្តែអ្នកជំនាញនិយាយថា យុទ្ធសាស្ត្រនោះ គឺជារឿងប្រថុយប្រថានណាស់។
ជាការពិតណាស់ ក្រុមយុទ្ធនាការរបស់លោក Trump មិនរង់ចាំយូរនោះឡើយ ក្នុងការផ្តល់នូវការអត្ថាធិប្បាយភ្លាមៗ ចំពោះសេចក្តីសម្រេច កាលពីថ្ងៃអង្គារ (ទី១១ ខែមិថុនា) នៅតុលាការរបស់រដ្ឋ Delaware ដែលផ្តើមចេញពីការទិញកាំភ្លើងខ្លីរបស់លោក Hunter Biden ក្នុងឆ្នាំ២០១៨ ខណៈដែលរូបគេកំពុងញៀនថ្នាំញៀនប្រភេទកូកាអ៊ីន។
ក្រុមយុទ្ធនាការនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការកាត់ក្តីនេះមិនមានអ្វីក្រៅពីការទាញចំណាប់អារម្មណ៍ចេញពីបទល្មើសឧក្រិដ្ឋពិតប្រាកដរបស់គ្រួសារឧក្រិដ្ឋកម្ម លោក Biden នោះទេ ដែលបានប្រមូលប្រាក់រាប់សិបលានដុល្លារពីប្រទេសចិន រុស្ស៊ី និងអ៊ុយក្រែន»។
គណបក្សសាធារណរដ្ឋបានស្វែងរកជាយូរមកហើយ ដើម្បីរំខានដល់ការប៉ុនប៉ងជាប់ឆ្នោតឡើងវិញរបស់លោក Biden វ័យ ៨១ឆ្នាំ ដោយប្រើប្រាស់បញ្ហារបស់កូនប្រុសលោក ក្នុងនោះរួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលគួរឲ្យសង្ស័យមួយចំនួន នៅក្នុងប្រទេសចិន និងអ៊ុយក្រែន។
សម្រាប់លោក Julian Zelizer សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Princeton រូបនេះ បានលើកឡើងថា ទោះបីជាសាលក្រមត្រឹមតែប៉ះពាល់ដល់លោក Hunter វ័យ ៥៤ឆ្នាំក៏ដោយ ក៏លោក Trump «នឹងព្យាយាមធ្វើឲ្យពាក់ព័ន្ធដល់ប្រធានាធិបតី»។ លោកបន្ថែមថា តែយ៉ាងក្ដី លោក Trump ផ្ទាល់ខ្លួន មិនមែនគ្មានបញ្ហាផ្លូវច្បាប់នោះឡើយ។
កាលពីខែឧសភា រូបលោកត្រូវបានកាត់ទោសនៅក្នុងតុលាការទីក្រុងញូវយ៉ក ជុំវិញបទឧក្រិដ្ឋចំនួន៣៤ ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្ម ដើម្បីលាក់បាំងការបង់ប្រាក់បំបិទមាត់ដល់តារាភាពយន្តអាសអាភាស Stormy Daniels ដែលនិយាយថា នាង និងលោក Trump មានទំនាក់ទំនងផ្លូវភេទ អំឡុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦។ ដូច្នេះ វាអាចជាការលំបាកសម្រាប់លោក Trump វ័យ ៧៧ឆ្នាំ ក្នុងការជជែកតវ៉ាថា ប្រព័ន្ធយុត្តិធម៌របស់អាមេរិកត្រូវបានគេយកមកធ្វើនយោបាយ នៅក្នុងករណីរបស់លោក ប៉ុន្តែដំណើរការបានយ៉ាងល្អឥតខ្ចោះ នៅក្នុងករណីរបស់កូនប្រុសលោក Biden៕