ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជាថ្លែងថា ស្ត្រី និងកុមារី ត្រូវបានកំណត់បញ្ជាក់ថា ជាក្រុមងាយរងគ្រោះបំផុតទៅនិងបញ្ហាហានិភ័យនៃគ្រោះមហន្តរាយ។ ដូចន្នេះ ត្រូវការយកចិត្តទុកដាក់ជាពិសេសក្នុងការធ្វើសមាហរណកម្មទស្សនៈយេនឌ័រទៅក្នុងការគ្រប់គ្រងគ្រោះមហន្តរាយនេះ ។
ការថ្លែងបែបនេះខណះឯកឧត្តម ហង្ស សាមឿន ទី ប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងពិធីបើកអង្គសិក្ខាសាលាពិគ្រោះយោបល់ ជាមួយស្ថាប័នពាក់ព័ន្ធស្តីពីផែនការសកម្មភាពយេនឌ័រក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា៖ ការរៀបចំផែនការសកម្មភាពយេនឌ័រ សម្រាប់ក្របខ័ណ្ឌការងារសេនដាយ ស្របតាមបរិបទកម្ពុជា នៅវេលាថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ សណ្ឋាគារកាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ ។ ដោយមានតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, អង្គការជាតិ-អន្តរជាតិ និងអង្គការសង្គមស៊ីវិលចូលរួមប្រមាណ១០០នាក់។
សិក្ខាសាលានេះមានគោលបំណងជាក់លាក់ជំរុញឱ្យមានការពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយរវាងស្ថាប័នពាក់ ព័ន្ធនានាដើម្បីទាក់ទាញការយកចិត្តទុកដាក់លើការបញ្ជ្រៀបយេនឌ័រក្នុងការងារកាត់បន្ថយហានិភ័យគ្រោះ មហ ន្តរាយនៅកម្ពុជា ទាំងនៅក្នុងបរិបទជាតិ និងក្រោមជាតិនិងពង្រឹងសមត្ថភាព ការលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តផែនការជាតិកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយនាពេលអនាគត ។
ឯកឧត្តម ហង្ស សាមឿន បានថ្លែងថា គ្រោះមហន្តរាយបានបង្កផលប៉ះពាល់វិជ្ជមានខ្លាំងទៅលើប្រជាជន ជាពិសេ សស្ត្រីនិងក្មេងស្រី ដោយសារភាពខុសគ្នារវាងបុរសនិងស្ត្រី តួនាទី សិទ្ធ ឱកាស និងផ្នត់គំនិតក្នុងសង្គម គឺជាកត្តាបណ្តាលឲ្យស្ត្រី និងក្មេងស្រី ជាក្រុមមួយងាយរងគ្រោះបំផុត ដែលតម្រូវការរបស់ពួកគេគួរត្រូវបានចាត់ទុកជាអាទិ ភាពនៅក្នុងសកម្មភាពនៃការប្រែប្រួលអាកាសធាតុ និងក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។ កម្ពុជាបានយក ចិត្តទុកដាក់ចំពោះសារះសំខាន់នៃចំណុចនេះនិងបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការបញ្ចូលទស្សនៈយេនឌ័រ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។ឯកឧត្តមបញ្ជាក់ថា ក្នុងពេលនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានរៀបចំកសាងផែនការសកម្មភាពជាតិសម្រាប់ការកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ ដោយបានដាក់បញ្ចូលទស្សនៈយេនឌ័រ និងផ្តល់អាទិភាពដល់បរិយាប័ន្នសង្គម រួមមានតំណាងគ្រប់គ្រាន់ពីស្ត្រី,ជនពិការ, កុមារ, យុវជន, មនុស្សចាស់ និងផ្នែកផ្សេងទៀតនៃសង្គមដែលមានហានិភ័យខ្ពស់បំផុត ដើម្បីធានាបាននូវការឆ្លើយតបយេនឌ័រ នៅក្នុងផែនការសកម្មភាពជាតិ ។
ឯកឧត្តមបន្តថា ផែនការសកម្មភាពយេនឌ័រ សម្រាប់ក្របខ័ណ្ឌការងារសេនដាយ (Sendai GAP)គឺជាការស្ម័គ្រចិត្ត ហើយត្រូវបានបង្កើតឡើង តាមរយៈដំណើរការពិគ្រោះយោបល់ពហុភាគី ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់តួអង្គពាក់ព័ន្ធនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិឆ្ពោះរកការសម្រេចបាននូវទិសដៅលទ្ធផលនិងគោលដៅ នៃក្របខ័ណ្ឌការងារសេនដាយ នៅត្រឹមឆ្នាំ ២០៣០ ដោយ មានការយកចិត្តទុកដាក់ជាក់លាក់ចំពោះកិច្ចប្រឹងប្រែងក្នុងការឆ្លើយតបយេនឌ័រ។ ការពិចារណាលើសមភាពយេនឌ័រ ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ត្រូវបានរំលេចនៅក្នុងសេចក្តីសន្និដ្ឋាន របស់គណៈកម្មការអង្គការ សហប្រជាជាតិ ទទួលបន្ទុកស្ថានភាពស្ត្រី ក្នុងសម័យប្រជុំលើកទី៦៦ នាខែមីនា ឆ្នាំ២០២២ ដែលបានអំពាវនាវឱ្យមានការរៀបចំផែនការសកម្មភាពយេនឌ័រ ហើយចំណុចនេះក៏ត្រូវបានគូសបញ្ជាក់ជាថ្មីនៅក្នុងរបាយការណ៍សង្ខេបរបស់សហប្រធាននៃរបៀបវារះប៉ាលី ដើម្បីលើកកម្ពស់ភាពធន់នៃវេទិកាសកល ស្តីពីការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយនាខែឧសភាឆ្នាំ២០២២ក៏ដូចជាសេចក្តីថ្លែង ការណ៍នយោបាយនៃកិច្ចប្រជុំជាន់ខ្ពស់ ស្តីពីការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃក្របខ័ណ្ឌការងារ សេនដាយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នាខែ ឧសភា ឆ្នាំ២០២៣កន្លងទៅ បានកត់សម្គាល់ផងដែរថា ការរៀបចំកសាងផែនការសកម្មភាពយេនឌ័រ សម្រាប់ការ អនុវត្តក្របខ័ណ្ឌការងារសេនដោយ គឺជាតម្រូវការចាំបាច់។
ឯកឧត្តមអនុប្រធានទី២បញ្ជាក់ថា ដូចន្នេះហើយទើបគណៈកម្មាធិ ការជាតិគ្រប់គ្រងគ្រោះមហន្តរាយក្នុងភាពជាដៃគូជាមួយក្រសួងកិច្ចការនារី និង អង្គការUNWOMEN បានផ្តួចផ្តើមរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធនេះឡើង ដោយមានការចូលរួមពីក្រុម សកម្មភាពបញ្ជ្រៀបយេនឌ័រ នៃក្រសួងសំខាន់ៗ, ដៃគូអភិវឌ្ឍន៍ និង អង្គការសង្គមស៊ីវិលក្នុងគោលបំណងបង្កើតឱ្យមានជាឱកាសសម្រាប់កិច្ចពិភាក្សាអំពីផែនការសកម្ម ភាពយេនឌ័រ ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និង លទ្ធភាពកែសម្រួលផែនការសកម្មភាពនេះ ឱ្យស្រប តាមបរិបទកម្ពុជា ៕ ដោយ ៖ អត្ថបទ ៖ ភារម្យ















