ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានទទួលជួបប្រជុំពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃនាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ ដើម្បីពង្រឹងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព សំដៅបង្កើននវានុវត្តន៍ និងវឌ្ឍនភាពការងារបន្ថែមទៀត, នៅទីស្តីការក្រសួងសុខាភិបាល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តកិច្ចការ តាមបណ្តាការិយាល័យ នៃនាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់នូវអនុសាសន៍ ជាគន្លឹះសំខាន់ៗ ដើម្បីពង្រឹងនូវស្មារតីការងារជាក្រុម ក្រមសីលធម៌ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការតាមការិយាល័យ នៃនាយកដ្ឋាន និងវិធានការនៃកំណែទម្រង់លើការគ្រប់គ្រងចំណាយឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព ដើម្បីចូលរួមចំណែកក្នុងការធ្វើកំណែទម្រង់វិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងនោះដែរក៏មានការប្តេជ្ញាចិត្ត ពីសំណាក់មន្ត្រីនាយកដ្ឋានទាំងមូល ដើម្បីអនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ឱ្យទទួលបានជោគជ័យ និងប្រសិទ្ធភាពការងារខ្ពស់៕ អត្ថបទ៖ រដ្ឋា












