
សេចក្តីរាយការណ៍ព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃពុធ (ទី១២ ខែមិថុនា) នេះ មេដឹកនាំគណបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូង ត្រូវបានចោទប្រកាន់ពីបទស៊ីសំណូកនៅក្នុងគម្រោងដែលត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់ក្រុមហ៊ុនផលិតខោអាវទ្រនាប់ ដើម្បីផ្ទេរមូលនិធិទៅឲ្យកូរ៉េខាងជើង និងជួយសម្រួលដល់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង នៅពេលលោកនៅកាន់តំណែងអភិបាលខេត្ត។
អនុប្រធានគណបក្សប្រជាធិបតេយ្យរបស់លោក Lee Jae-myung កាលពីនៅជាអភិបាលខេត្ត Gyeonggi ត្រូវបានរកឃើញថា មានទោសពីបទសូកប៉ាន់ និងផ្ទេរមូលនិធិខុសច្បាប់ ក្នុងការសមគំនិតដែលពាក់ព័ន្ធនឹងក្រុមហ៊ុន Ssangbangwool Group ដើម្បីផ្ញើប្រាក់ចំនួន ៨លានដុល្លារទៅកូរ៉េខាងជើង។ Ssangbangwool គឺជាក្រុមអាជីវកម្មដែលបានចាប់ផ្តើមជាអ្នកផលិតខោអាវទ្រនាប់ ហើយក្រោយមកបានពង្រីកទៅអាជីវកម្មផ្សេងទៀត។
ពាក់ព័ន្ធនឹងករណីនេះ ការហៅទូរសព្ទទៅកាន់ការិយាល័យកិច្ចការសាធារណៈ នៅការិយាល័យរដ្ឋអាជ្ញាតំបន់ Suwon ដើម្បីសុំសេចក្ដីអត្ថាធិប្បាយ មិនមានការឆ្លើយតបនោះទេ។
លោក Lee បានបដិសេធការជាប់ពាក់ព័ន្ធ ឬការដឹងអំពីគម្រោង ដែលមានតាំងពីឆ្នាំ២០១៩ និងឆ្នាំ២០២០ និងដែលមានគោលបំណងលើកកម្ពស់គម្រោងពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ព្រមទាំងដំណើរទស្សនកិច្ចរបស់លោក Lee ទៅកាន់ទីក្រុងព្យុងយ៉ាង ដែលនឹងជួយលើកកម្ពស់ឋានៈរបស់លោកជាឥស្សរជននយោបាយលេចធ្លោ។
ដោយហៅការចោទប្រកាន់លើលោកថា ជារឿងប្រឌិដ្ឋ ខណៈតុលាការបានបដិសេធដីកាចាប់ខ្លួនលោក លោក Lee បាននិយាយកាលពីឆ្នាំមុនថា៖ «ខ្ញុំមិនល្ងង់នោះទេ»។ ហើយបន្ទាប់ពីមានការចោទប្រកាន់ នៅថ្ងៃពុធនេះ លោកបាននិយាយថា៖ «ការប្រឌិដ្ឋរបស់រដ្ឋអាជ្ញាកាន់តែអាក្រក់ទៅៗហើយ»៕