
អ្នកស្រុករាប់ពាន់នាក់បានបោះបង់ចោលទីក្រុងដ៏តូចមួយរបស់ម៉ិកស៊ិក គឺទីក្រុង Tila ដោយរត់គេចពីការឡោមព័ទ្ធរយៈពេល ៣ថ្ងៃ ដោយក្រុមប្រដាប់អាវុធធុនធ្ងន់ ហើយទុកឲ្យទីក្រុងនេះក្លាយជាទីរហោឋាន ហើយនៅតែភ័យខ្លាច ក្នុងការវិលត្រឡប់មកវិញ បើទោះបីជាកងទ័ពរដ្ឋាភិបាល ឥឡូវនេះ ដើរល្បាតតាមដងផ្លូវដែលគ្មានមនុស្សក៏ដោយ។
នាង Maria ជាអ្នកស្រុកនៃទីក្រុង Tila នៅភាគខាងត្បូងម៉ិកស៊ិក ដែលមានចម្ងាយប្រហែល ១៤០ម៉ាយល៍ (២៣០គីឡូម៉ែត្រ) ពីរដ្ឋធានី Tuxtla Gutierrez របស់រដ្ឋ Chiapas បាននិយាយថា៖« ពេញមួយយប់ យើងបានឮសំឡេងគ្រាប់កាំភ្លើងដែលឆ្លងកាត់ពីខាងលើទៅមក»។
សាក្សីបានប្រាប់សារព័ត៌មាន Reuters ថា កាលពីយប់ថ្ងៃទី៤ ខែមិថុនា ក្រុមបុរសប្រដាប់អាវុធធុនធ្ងន់ បានទៅដល់ទីក្រុង Tila ដោយរថយន្តដឹកទំនិញ ហើយបានចាប់ផ្តើមបាញ់ប្រហារទៅលើផ្ទះសម្បែង កន្លែងអាជីវកម្ម និងដុតអគារនានា។
បុរសម្នាក់ ដែលមិនបង្ហាញអត្តសញ្ញាណខ្លួន ដោយសារហេតុផលសុវត្ថិភាព បាននិយាយថា ក្រុមប្រដាប់អាវុធ បានវិលត្រឡប់មកវិញ នៅថ្ងៃបន្ទាប់ ជាមួយនឹងអាវុធដែលមានសមត្ថភាពខ្ពស់ និងសម្លៀកបំពាក់យោធា។
គួរបញ្ជាក់ថា អំពើហិង្សានៅក្នុងក្រុង Tila បានអូសបន្លាយរយៈពេល ៣ថ្ងៃ រហូតដល់ថ្ងៃទី៧ មិថុនា ទើបកងទ័ពទៅដល់។ ចាប់តាំងពីពេលនោះមក អាជ្ញាធររដ្ឋ បាននិយាយថា កងទ័ពប្រហែល ៥,០០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់នោះ ហើយជនសង្ស័យ ៦នាក់ ត្រូវបានឃាត់ខ្លួន។
ប្រជាជននៅទីក្រុង Tila ទាំងអស់ប្រហែល ៤.០០០នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយខ្លះជិះរថយន្តក្រុងរបស់រដ្ឋាភិបាល ទៅកាន់ជម្រកក្បែរនោះ ដែលមនុស្សជាច្រើននៅតែនៅទីនោះដដែល នាពេលនេះ ដោយដេកលើកន្ទេលក្រាលនៅលើដី៕