
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធ (ទី១២ ខែមិថុនា) នេះ បានស្តីបន្ទោសឧស្សាហកម្មធំៗចំនួន៤ ដូចជាថ្នាំជក់ អាហារកែច្នៃជ្រុល ឥន្ធនៈហ្វូស៊ីល និងគ្រឿងស្រវឹង ថា បានរួមចំណែកដល់ការស្លាប់មនុស្សចំនួន ២,៧លាននាក់ ក្នុង ១ឆ្នាំ នៅអឺរ៉ុប ដោយចោទប្រកាន់ឧស្សាហកម្មទាំងនោះពីបទរារាំងគោលនយោបាយសាធារណៈ ដែលអាចប៉ះពាល់ដល់ប្រាក់ចំណេញរបស់ពួកគេ។
លោកវេជ្ជបណ្ឌិត Hans Kluge នាយក WHO ប្រចាំតំបន់អឺរ៉ុប ដែលមាន ៥៣ប្រទេស ក្នុងនោះរួមទាំងប្រទេសអាស៊ីកណ្តាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ឧស្សាហកម្មទាំង ៤នេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧.០០០នាក់ នៅក្នុងតំបន់របស់យើងជារៀងរាល់ថ្ងៃ»។
WHO បានឲ្យដឹងនៅក្នុងរបាយការណ៍ចេញផ្សាយមួយថា ការរូមបញ្ចូលវិស័យឧស្សាហកម្មទាំងនេះទៅជាពហុជាតិសាសន៍មួយចំនួនតូច «បានអនុញ្ញាតឲ្យវិស័យទាំងនេះប្រើអំណាចយ៉ាងធំលើបរិបទនយោបាយ និងច្បាប់ដែលពួកគេប្រតិបត្តិការ ហើយរារាំងបទប្បញ្ញត្តិផលប្រយោជន៍សាធារណៈដែលអាចប៉ះពាល់ដល់ប្រាក់ចំណេញរបស់ពួកគេ»។
របាយការណ៍នោះ បានលើកឡើងថា យុទ្ធសាស្ត្រឧស្សាហកម្ម ក្នុងនោះរួមមានការកេងប្រវ័ញ្ចជនងាយរងគ្រោះ តាមរយៈយុទ្ធសាស្រ្តទីផ្សារគោលដៅ ការបំភ័ន្តអ្នកប្រើប្រាស់ និងការអះអាងមិនពិតអំពីអត្ថប្រយោជន៍នៃផលិតផលរបស់ពួកគេ ឬលិខិតសម្គាល់បរិស្ថានរបស់ពួកគេ។
WHO បានប្រាប់ថា ការល្បួងចិត្តក្នុងឧស្សាហកម្មនេះ កំពុងរារាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជំងឺមិនឆ្លង ដូចជាជំងឺសរសៃឈាមបេះដូង មហារីក និងជំងឺទឹកនោមផ្អែមជាដើម។ ហើយបើយោងតាម WHO ដដែល បានឲ្យដឹងទៀតថា ស្ទើរតែ ៦០ភាគរយនៃមនុស្សពេញវ័យ និង ១ភាគ៣ នៃកុមារ នៅអឺរ៉ុប គឺលើសទម្ងន់ ឬធាត់៕