ក្រចេះ ៖ ប្រជាកសិករក្នុងខេត្តក្រចេះ បាននិងកំពុងតែដុតដៃដុតជើង សម្រុកដាំដុះ ដំណាំស្រូវវស្សា បានប្រមាណជា ៣០,៩៣% គិតត្រឹមដើម ខែមិថុនា នៅដើមរដូវវស្សា ឆ្នាំ២០២៤នេះ បន្ទាប់ពីទទួលបានភ្លៀងធ្លាក់ជាបន្តបន្ទាប់។
យោងតាមរបាយការណ៍របស់ការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានឲ្យដឹងថា លទ្ធផលការងារបង្ក បង្កើនដំណាំស្រូវប្រចាំថ្ងៃ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ការងារដាំដុះស្រូវរដូវវស្សា សម្រេចបានការដាំដុះចំនួន ១.៨១០ហ.ត (បូកយោង ១៨.១១៤ហ.ត ស្មើនឹង ៣០,៩៣% នៃផែនការ ៥៨.៥៧០ហ.ត) ធៀបនឹងឆ្នាំ២០២៣ ច្រើនជាង ៦.៦៧០ហ.ត។
លោក សំ សំអាង ប្រធានការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ការដាំដុះស្រូវរដូវវស្សា របស់ប្រជាកសិករនៅខេត្តក្រចេះ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៤ សម្រេចបានចំនួន ជាង ៣០% ហើយប្រភេទស្រូវ ដែលប្រជាកសិករចូលចិត្តយកមកបង្កបង្កើនផល ជាប្រភេទស្រូវ ផ្ការំដួល ដែលជាប្រភេទស្រូវបាយក្រអូប មានទីផ្សារល្អ និងលក់ចេញបានថ្លៃ ចំពោះប្រភេទស្រូវ OM5451 ក៏មានប្រជាកសិករ ដាំដុះច្រើនផងដែរ ព្រោះថាមានតម្លៃ សមរម្យ និងទីផ្សារល្អដូចគ្នា។
លោក ក៏បានបន្តឲ្យដឹងថា ចំពោះការងារដាំដុះស្រូវវស្សានៅខេត្តក្រចេះ គឺមិនមានបញ្ហាខ្វះខាតទឹកស្រោចស្រប់នោះទេ ព្រោះថាកសិករទទួលបានទឹកគ្រប់គ្រាន់ និងគ្រប់ទីកន្លែង។ គូសបញ្ជាក់ដែរថា ចាប់ពីដើមខែ ឧសភា មក ខេត្តក្រចេះ ទទួលបានទឹកភ្លៀងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែង។ ដោយ ៖ សេង ម័រ





