
រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីបលោក Sameh Shoukry និងសមភាគីហ្សកដានីលោក Ayman Safadi បានជំរុញឲ្យអ៊ីស្រាអែលគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) សម្រាប់ផែនការបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួម នៅប្រទេសហ្សកដានីកាលពីថ្ងៃអង្គារ លោក Safadi និយាយថា ភាពជឿជាក់របស់ច្បាប់អន្តរជាតិ នឹងស្ថិតក្នុងហានិភ័យ បើសិនជាអ៊ីស្រាអែល បដិសេធន៍មិនគោរពសេចក្តីសម្រេចមួយនេះ ។
គួរឲ្យដឹងថា កាលពីថ្ងៃចន្ទកន្លងទៅ ក្រុមប្រឹក្សាសន្តិសុខ UN បានគាំទ្រសំណើផ្តល់ជូនដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Bidenសម្រាប់បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សាស្រ្ទីប ។
សេចក្តីសម្រេចនេះ ត្រូវបានស្វាគមន៍ដោយក្រុមហាម៉ាស់ និងប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក Mahmoud Abbas ។
ក្រុមអ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប និយាយនៅថ្ងៃនោះថា ពួកគេទទួលបានការឆ្លើយតបផ្លូវការពីក្រុមហាម៉ាស់ចំពោះសំណើមួយនេះ ហើយក្រុមហាម៉ាស់ និងក្រុមសម្ព័ន្ធមិត្តជីហាដអ៊ីស្លាមប៉ាឡេស្ទីន បង្ហាញការត្រៀមខ្លួនជាវិជ្ជមានក្នុងការឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា ក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអង្គារ ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានលើកឡើងថា ផែនការនេះឈានដល់គោលដៅប៉ះទង្គិចគ្នារបស់ពួកគេ ជាហេតុធ្វើឲ្យមានការសង្ស័យថាតើផ្លូវពិតប្រាកដមួយណា ទើបធ្វើឲ្យកើតមានកិច្ចព្រមព្រៀងបាននោះ ៕