
សំឡេងសឺរ៉ែន បានរោទិ៍ ស្របពេលដែលប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល បាញ់ស្កាត់រ៉ុក្កែតបាញ់ឆ្ពោះទៅលើទីក្រុងភាគខាងជើងអ៊ីស្រាអែល ចេញពីប្រទេសលីបង់នៅថ្ងៃពុធនេះ ។
អ៊ីស្រាអែលនិយាយថា នៅថ្ងៃពុធនេះ ក្រុមហេសប៊ូឡារបស់លីបង់ បានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ មកលើទឹកដីអ៊ីស្រាអែល ដើម្បីជាការឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់មួយរូបរបស់ពួកគេ និងធ្វើឲ្យភាពតានតឹងកាន់តែឡើងកម្តៅបន្ថែមទៀតនៅក្នុងជម្លោះរយៈពេល ៨ខែរបស់ពួកគេ ។
ក្រុមហេសប៊ូឡាគាំទ្រដោយអ៊ីរ៉ង់ និងអ៊ីស្រាអែល បានប៉ះទង្គិចគ្នា ចាប់តាំងពីផ្ទុះសង្រ្គាមនៅតំបន់ហ្កាហ្សា កាលពីខែតុលា ឆ្នាំ ២០២៣ ដែលជាជម្លោះដ៏តានតឹងមួយ ធ្វើឲ្យមានការក្តីកង្វល់ដល់ការប្រឈមដាក់គ្នាធំជាងនេះ រវាងក្រុមសត្រូវប្រដាប់អាវុធធុនធ្ងន់ ។
ការវាយប្រហាររបស់អ៊ីស្រាអែលលើភូមិ Jouya ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់កាលពីយប់ថ្ងៃអង្គារ បានសម្លាប់យុទ្ធជនហេសប៊ូឡាចំនួន ៣នាក់ ជាមួយលោកមេបញ្ជាការជាន់ខ្ពស់ Taleb Abdallah ។
អ៊ីស្រាអែលអះអាងថា ជាការសងសឹក ក្រុមហេសប៊ូឡា បានបាញ់រ៉ុក្កែតប្រហែល ៥០គ្រាប់ ចេញពីតំបន់ភាគខាងត្បូងលីបង់ ចូលទៅក្នុងតំបន់ខ្ពង់រាប Golan Heights កាន់កាប់ដោយអ៊ីស្រាអែល ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពសន្តិសុខនៅប្រទេសលីបង់ បានឲ្យដឹងថា ក្រុមហេសប៊ូឡា បានបាញ់រ៉ុក្កែតជាង ១០០គ្រាប់ ចូលទៅក្នុងទឹកដីអ៊ីស្រាអែល ៕