សូហ្វបល៖ កីឡាការិនីជប៉ុនប្រភេទកីឡាសូហ្វបល Miu Goto នឹងទទួលបានមេដាយមាសថ្មីនៃអូឡាំពិកទីក្រុងតូក្យូ បន្ទាប់ពីមេដាយមាសរបស់នាងត្រូវបានអភិបាលក្រុង Nagoya ស្វាគមន៍ និងរំភើបពេករហូតខាំមេដាយ។

អភិបាលក្រុង Nagoyo លោក Takashi Kawamura បានសុំទោសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលលោកបានយកមេដាយនោះទៅខាំ ហើយលោកសុខចិត្តធានារាល់ការចំណាយដើម្បីធ្វើមេដាយមាសថ្មីមួយទៀត។ លោក Kawamura បានទទួលរងការរិះគន់ខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីយកមេដាយមាសរបស់កីឡាការិនី Miu Goto ទៅខាំនឹងមាត់ខ្លួនឯងផ្ទាល់បែបនេះ ក្នុងពេលដែលលោកទទួលស្វាគមន៍ និងអបអរសាទរអត្តពលិកអូឡាំពិកដែលវិលត្រលប់មកទីក្រុងកំណើតរបស់ខ្លួនវិញ។
គណៈកម្មាធិការរៀបចំអូឡាំពិកទីក្រុងតូក្យូ ២០២០ បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃព្រហស្បតិ៍ថា មេដាយមាសរបស់ Goto នឹងត្រូវផ្លាស់ប្ដូរថ្មី ខណៈគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC គឺជាអ្នករ៉ាប់រង៕
អត្ថបទ៖នាង សុភាវុធ