
លោក Ahmed al-Shenbary គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួន និងកូនៗរបស់លោក បានចំណាយពេល ១ម៉ោង ដើរពីជម្រកបណ្តោះអាសន្នរបស់ពួកគេនៅជំរំជនភៀសខ្លួន Jabalia ស្ថិតក្នុងតំបន់ហ្កាហ្សា កាត់តាមគំនរបាក់បែក និងអគាររងការខ្ទេចខ្ទី ដើម្បីស្វែងរកប្រភពទឹក ។
លោកនិយាយថា ពេលខ្លះកូនប្រុសរបស់ខ្ញុំ ចង់ផឹកទឹក ២-៣ដងក្នុង ១ថ្ងៃ ហើយខ្ញុំប្រាប់ទៅកូនវិញថា គ្មានទឹកផឹកទេកូន ។
ស្របពេលដែលសង្រ្គាមនៅតំបន់ហ្កាហ្សាបច្ចុប្បន្នឈានចូលដល់ខែទី ៩ហើយនោះ លោក Shenbary និងភរិយា បាននិយាយគ្នា ពីការលំបាករបស់ពួកគេក្នុងការស្វែងរកទឹកស្អាត ហើយវិធីដែលទឹកកខ្វក់ និងការខ្សត់ទឹក រួមចំណែកក្នុងការរីករាលដាលឆ្លងជំងឺជាច្រើនមុខ ។
អ៊ីស្រាអែល កំពុងសងសឹកក្រុមហាម៉ាស់ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ក្រោយការវាយប្រហាររបស់ពួកគេកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។
មនុស្សជាង ១.២០០នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ២៥០នាក់ ត្រូវបានចាប់ជាចំណាប់ថ្នូរដោយក្រុមជីវពលហាម៉ាស់ អំឡុងការវាយឆ្មក់ពេលនោះ ហើយចំណាប់ថ្នូរប្រហែលជាង ១០០នាក់ ត្រូវបានគេជឿថា បន្តចាប់ពិរុទ្ធនៅក្នុងតំបន់ហ្កាហ្សា ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរសុខភាពហ្កាហ្សា បានឲ្យដឹងថា អ៊ីស្រាអែល បើកការវាយប្រហារតាមច្រកអាកាស ច្រកសមុទ្រ និងជើងគោកលើដែនដីប៉ាឡេស្ទីនមួយនេះ ដោយបានសម្លាប់ជនប៉ាឡេស្ទីនជាង ៣៧.០០០នាក់ ៕