ភ្នំពេញ ៖ រាជធានីភ្នំពេញ និងខេត្តស្វយ័តជេជូនៃសាធារណៈរដ្ឋកូរ៉េ បានចងសម័្ពន្ធមេត្រីភាព ដើម្បីការអភិវឌ្ឍទីក្រុង និងទំនាក់ទំនងការទូត។
រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តជេជូនៃសាធារណៈរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាព ក្រោយពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំង២បានជួបប្រជុំ និងមានការឯកភាពគ្នាកាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤កន្លងមកនេះ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាពនេះ បានធ្វើឡើង នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ រវាងឯកឧត្ដម អូ យ៉ុងហ៊ុន អភិបាលទីក្រុងជេជូ (JeJu) និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរបានផ្តល់សមិទ្ធផលជាច្រើនមកកម្ពុជា ដូចជាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេដែលគម្រោងនេះនឹងបើកការដ្ឋាននាពេលខាងមុខ ព្រមទាំងជាមួយនឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាជាច្រើនទៀត។ដោយឡែកសម្រាប់រាជធានីភ្នំពេញ ប្រទេសកូរ៉េបានបន្តនូវកិច្ចសហប្រតិបត្តិការជាមួយរាជធានីភ្នំពេញជាច្រើនផងដែរ។ ជាក់ស្តែងពេលនេះ រាជធានីភ្នំពេញបានចងសម្ព័ន្ធមេត្រីភាពជាមួយនឹងទីក្រុងជេជូ ដើម្បីឱ្យទំនាក់ទំនងនៃទីក្រុងទាំងពីរកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ពិសេសគឺការបន្តទំនាក់ទំនងកាន់តែល្អទៅអ្នកជំនាន់ក្រោយៗទៀត។
ឯកឧត្តម ឃួង ស្រេង បានបន្តថា កន្លងមករាជធានីភ្នំពេញបានចុះហត្ថលេខាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ ដែលហៅថា KOICA របស់ប្រទេសកូរ៉េ ដោយបានផ្តល់ជាជំនួយលើវិស័យសុខាភិបាល មករាជធានីភ្នំពេញ ក្នុងការជួយកសាងមន្ទីរពេទ្យបង្អែកដង្កោ ដែលមានទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លារអាមេរិក។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើងពីភូមិសាស្ត្ររាជធានីភ្នំពេញដែលមានទីតាំងស្ថិតនៅចំទន្លេបួនមុខ មានប្រជាពលរដ្ឋរស់នៅចេញចូលទាំងការស្នាក់នៅប្រមាណជា ៣លាននាក់ ដែលធ្វើឱ្យរាជធានីភ្នំពេញ ប្រឈមទៅនឹងការកកស្ទះចរាចរណ៍ ជាមួយនឹងការជន់លិចដោយជំនន់ទឹកភ្លៀងផងដែរ។ ជាមួយគ្នានេះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតនូវគម្រោងឥណទានមួយ ដោយប្រើប្រាស់ថវិកាប្រមាណជាង ១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ជៀសនូវការលិចលង់នេះ។
ឯកឧត្តម អូ យ៉ុងហ៊ុន មានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេច ហ៊ុនម៉ាណែត ជាអ្នកកសាងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រទេសកូរ៉េ និងប្រទេសកម្ពុជា។ សម្ដេចបវរធិបតីបានបង្កើតជាដៃគូយុទ្ធសាស្ត្រជាមួយនឹងប្រទេសកូរ៉េ ដោយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ប្រមុខថ្នាក់ដឹកនាំរបស់ប្រទេសកូរ៉េ បានជួបប្រជុំជាមួយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។ ដោយឡែកខេត្តជេជូ បានជួបជាមួយសម្ដេចនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងទីក្រុងសេអ៊ូល ជាលទ្ធផលគឺបានចុះMOUជាមួយរាជធានីភ្នំពេញ។
ឯកឧត្តម អូ យ៉ុងហ៊ុន បានបញ្ជាក់ផងដែរថា ទីក្រុងជេជូ មានប្រជាពលរដ្ឋត្រឹមតែ៧០ម៉ឺននាក់ប៉ុណ្ណោះ។ តែទីក្រុងមួយនេះបានទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណជា ១៥លាននាក់ក្នុងមួយឆ្នាំ ជាមួយនឹងការវិនិយោគបច្ចេកវិទ្យាថ្មីៗជាច្រើនផងដែរ។ តាមរយៈទំនាក់ទំនងនៃប្រទេសទាំងពីរនឹងជំរុញលើវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងថាមពលជាមួយកម្ពុជា នឹងអនុវត្តទៅតាមផែនការជាមួយនឹងការផ្លាស់ប្ដូរទំនាក់ទំនងកាន់តែល្អ រវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ ឯកឧត្តម អូ យ៉ុងហ៊ុន ក៏បានអញ្ជើញឯកឧត្តម ឃួង ស្រេង និងប្រតិភូរាជធានីភ្នំពេញទៅទស្សនៈកិច្ចនៅកោះជេជូផងដែរ៕ ដោយ ៖ ប្រាក់ វ៉ាន់ដា













អត្ថបទ ៖ ប្រាក់ វ៉ាន់ដា / ថត ៖ ហួត រតនៈ / រូបស៊ើត ៖ Khuong Sreng MOU with Korea 12-06-24