ភ្នំពេញ ៖ ជនសង្ស័យចំនួន២៧នាក់ ពាក់ព័ន្ធនឹងករណីក្រុមក្មេងទំនើងកាប់ចាក់គ្នា , ទទួលផលចោរកម្ម និងបង្កអំពើហិង្សាវាយតប់គ្នាតាមទីសាធារណះ ត្រូវបាននគរបាលធ្វើសន្និសិទសារព័ត៌មានបង្ហាញមុខជាសាធារណះ ។
សន្និសិទនេះ បានធ្វើឡើងនារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមវត្តមានលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការចូលរួមពី លោកអធិការ អធិការរងនគរបាលខណ្ឌចំនួន០៣ពាក់ព័ន្ធ ។
លោកវរសេនីយ៍ សំ វិច្ឆិកា បានប្រាប់ឱ្យដឹងថា ៖ ជនទាំង២៧នាក់ខាងលើនេះ ត្រូវបានបង្ក្រាប នៅខណ្ឌសែនសុខ ខណ្ឌកំបូល និងដូនពេញ ក្នុងករណី០៣ផ្សេងគ្នា ដោយទាំង៣ករណី សមត្ថកិច្ចបានដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើន ។
លោកវរសេនីយ៍បន្តថា កិច្ចការងារបង្ក្រាបក្មេងទំនើងនេះ គឺនគរបាលមិនបានបន្ធូរដៃនោះឡើយ ពោលឱ្យតែកើតមានឡើង គឺនឹងបង្ក្រាបឱ្យមានប្រសិទ្ធិភាព ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ និងជាការឆ្លើយតបទៅនឹងបទបញ្ជារដ៏ម៉ឺងម៉ាត់របស់សម្តេច នាយករដ្ឋមន្ត្រី ។
គួរបញ្ជាក់ថា សកម្មភាពក្រុមក្មេងទំនើងកាប់ចាក់អុកឡុកក្នុងរាជធានីភ្នំពេញ ក្នុងមួយរយះក្រោយមកនេះ ហាក់មានភាពស្ងប់ស្ងាត់ និងថបថយចុះច្រើន បន្ទាប់ពីប្រតិបត្តិការបង្ក្រាបរបស់សមត្ថកិច្ចនៅតែបន្ត និងបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបដោយមិនដកដៃនោះឡើយ ៕ អត្ថបទ ៖ លីហេង







