ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា បានអំពាវនាវអាណាព្យាបាល សហគមន៍ ដៃគូពាក់ព័ន្ធ គួរចូលរួមលើកទឹកចិត្ត និងជំរុញសិស្សានុសិស្ស និស្សិត ពិសេសយុវជនងាយរងគ្រោះឲ្យងាកមកចាប់អារម្មណ៍ និងទទួលយកជំនាញបចេ្ចកទេស និងវិជ្ជាជីវៈ ក្នុងការស្វែងរកការងារ ក៏ជាបង្កើតមុខរបរដោយខ្លួនឯង ដើម្បីបំពេញតម្រូវការទីផ្សារការងារនាពេលអនាគត។
នៅក្នុងសន្និសីទសារព័ត៍មាន ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១២ ខែមិថុនានេះ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ដូចដឹងហើយថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តកម្មវិធីការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន ១,៥លាននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមផងដែរ ដើម្បីផ្តល់ឱកាសឱ្យពួកគេមានជំនាញសម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា។
ស្របគ្នាខាងលើនេះ លោក សាយ រតនៈ តំណាងក្រុមហ៊ុន អ អិម អេ ខេមបូឌា បានបង្ហាញការគាំទ្រ និងទទួលស្គាល់ថា វិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ពិតជាមានសារៈសំខាន់ណាស់ លើការជំរុញកម្លាំងធនធានមនុស្សក្នុងស្រុកឲ្យមានជំនាញត្រឹមត្រូវ ពិតប្រាកដ ដើម្បីអាចបំពេញការងារ ហើយបានប្រាក់ខែសមស្របសម្រាប់ចិញ្ចឹមក្រុមគ្រួសារ និងមានស្ថិរភាពចំណូលស្របតាមការអំពាវនាវរបស់រដ្ឋាភិបាលកម្ពុជា។
សូមជម្រាបជូនផងដែរថា នៅថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ក្រោមប្រធានបទ "TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ" ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕
អត្ថបទ ៖ ឈិត បូរ៉ាវី










