
សង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន បានធ្វើឲ្យប្រជាជនរុស្ស៊ីក្រីក្រមួយចំនួនមានជីវភាពធូរធារ ដោយធ្វើឲ្យស្មុកស្មាញដល់ការពិចារណាអំពីរបៀបបញ្ចប់វា។
សេដ្ឋកិច្ចដែលរងការដាក់ទណ្ឌកម្មរបស់រុស្ស៊ី ហាក់មានភាពរឹងមាំក្នុងសង្គ្រាមរយៈពេលពីរឆ្នាំ ដោយប្រកាសកំណើនផលិតក្នុងស្រុកសរុស (GDP) គឺ ៣,៦ភាគរយ កាលពីឆ្នាំមុន។
របាយការណ៍ពីប្រទេសរុស្ស៊ី បានបង្ហាញថា កំណើននេះ ត្រូវបានជំរុញជាចម្បងដោយសកម្មភាពក្នុងសម័យសង្រ្គាម ដែលបង្កើតតម្រូវការសម្រាប់ទំនិញ និងសេវាកម្មយោធា ការឧបត្ថម្ភធនដែលធ្វើឲ្យសេដ្ឋកិច្ចមានស្ថិរភាព និងការបង្កើតគោលនយោបាយដ៏មុតស្រួច។
អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយសេដ្ឋកិច្ច (CEPR)ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានសរសេរថា៖«សេដ្ឋកិច្ចរុស្ស៊ី កំពុងបម្រើប្រយោជន៍យោធា»។
ពួកគេ បាននិយាយថា៖«វិស័យមួយចំនួន និងតំបន់មួយចំនួន គឺជាអ្នកឈ្នះ នៅក្នុងសេដ្ឋកិច្ចតម្រង់ទិសសង្រ្គាមថ្មីរបស់ប្រទេសរុស្ស៊ី»។
យោងតាមអ្នកស្រាវជ្រាវនៅ CEPR ផលិតកម្មនៅក្នុងឧស្សាហកម្មដែលទាក់ទងនឹងសង្គ្រាម បានកើនឡើង ៦០ ភាគរយ ចាប់ពីរដូវស្លឹកឈើជ្រុះឆ្នាំ ២០២២ ដល់រដូវផ្ការីកឆ្នាំ ២០២៤។ ទិន្នផលផលិតកម្មពីវិស័យផ្សេងទៀត នៅតែមានលំនឹង ក្នុងរយៈពេលដូចគ្នា។