
គណៈកម្មាធិការអឺរ៉ុប នៅថ្ងៃពុធ (ទី១២ ខែមិថុនា) នេះ នឹងជូនដំណឹងដល់ក្រុមហ៊ុនផលិតរថយន្តថា ខ្លួននឹងអនុវត្តកាតព្វកិច្ចពន្ធបន្ថែមជាបណ្តោះអាសន្នរហូតដល់ ២៥ភាគរយលើរថយន្តអគ្គិសនី (EV) ដែលនាំចូលពីប្រទេសចិន ចាប់ពីខែក្រោយនេះទៅ។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Financial Times ដោយដកស្រង់សម្ដីពីបុគ្គលដែលដឹងពីបញ្ហានេះ។
ក្រុមអ្នកវិភាគបាននិយាយថា ពួកគេរំពឹងថា នឹងមានការដំឡើងពន្ធចន្លោះពី ១០ ទៅ ២៥ភាគរយលើរថយន្តអគ្គិសនី (EV) របស់ចិន ជាចំណាត់ការមួយដែលទំនងជាជំរុញឲ្យមានការសងសឹកពីទីក្រុងប៉េកាំង។ គណៈកម្មការអឺរ៉ុប បាននិយាយថា រថយន្ត EV របស់ចិន ទទួលបានប្រាក់ឧបត្ថម្ភលើសកម្រិត។
ក្រសួងការបរទេសរបស់សហភាពអឺរ៉ុប (EU) និងប្រទេសចិន មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters។
ដោយមានរយៈពេលតិចជាង ១ខែបន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានដំឡើងពន្ធ ៤ដង សម្រាប់រថយន្ត EV របស់ចិន ពោលគឺដល់ ១០០ភាគរយ គេរំពឹងថា ទីក្រុងប្រ៊ុចសែលនឹងស្ទើរតែប្រាកដណាស់កំណត់ការយកពន្ធទាបជាងឆ្ងាយ សម្រាប់ការនាំចូលពីក្រុមហ៊ុនផលិតរបស់ចិន ដូចជាក្រុមហ៊ុន BYD និង Geely ព្រមទាំងក្រុមហ៊ុនផលិតលោកខាងលិច ដូចជា Tesla ដែលនាំចេញរថយន្តពីចិនទៅកាន់អឺរ៉ុប។
ក្រុមហ៊ុន BYD, Geely, SAIC និង Tesla មិនបានឆ្លើយតបភ្លាមៗចំពោះសំណួររបស់សារព័ត៌មាន Reuters ជុំវិញរបាយការណ៍នេះទេ។ វិធានការនេះកើតឡើងនៅពេលដែលក្រុមហ៊ុនផលិតរថយន្ត នៅអឺរ៉ុប កំពុងប្រឈមនឹងការហូរចូលនៃរថយន្ត EV ដែលមានតម្លៃទាបពីគូប្រជែងចិន៕