
អំឡុងពេលធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ឧបនាយករដ្ឋមន្រ្តីគុយវ៉ែតលោក Sheikh Fahad Yusuf Saud Al-Sabah និយាយថា អគ្គិភ័យឆាបឆេះអគារកម្មករស្នាក់នៅស្ថិតក្នុងទីក្រុង Mangaf ភាគខាងត្បូងប្រទេសគុយវ៉ែតនៅព្រឹកថ្ងៃពុធនេះ បានសម្លាប់មនុស្សយ៉ាងហោច ៤១នាក់ ។
លោក Sheikh Fahad បានចោទប្រកាន់ម្ចាស់អចលនទ្រព្យថាបានបំពាន និងលោភលន់ ដោយលោកបញ្ជាក់ថា កត្តាទាំងនោះ រួមចំណែកនាំឲ្យកើតមានឧបទ្ទេវហេតុបែបនេះ ។
លោក Sheikh Fahad ដែលជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ និយាយថា ភាពលោភលន់របស់ម្ចាស់អចលនទ្រព្យ នាំឲ្យកើតមានបញ្ហាទាំងនេះ ។
ដោយឡែក លោកឧត្តមសេនីយ៍ទោ Eid Rashed Hamad និយាយថា អគ្គិភ័យនេះ ត្រូវបានរាយការណ៍ដល់ក្រុមអាជ្ញាធរនៅវេលាម៉ោង ៦ព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ៣ ម៉ោងសកល ។
ចំណែកឯស្នងការនគរបាលជាន់ខ្ពស់មួយរូបទៀត និយាយប្រាប់ទូរទស្សន៍រដ្ឋថា អគារដែលកើតមានអគ្គិភ័យ ត្រូវបានប្រើប្រាស់ជាកន្លែងស្នាក់នៅរបស់កម្មករ ហើយមានចំនួនកម្មករច្រើនណាស់ស្នាក់នៅទីនោះ ។
លោកបន្តថា មនុស្សរាប់សិបនាក់ ត្រូវបានជួយសង្រ្គោះ តែអកុសលមានមនុស្សស្លាប់យ៉ាងច្រើន ដោយសារតែពួកគេស្រូបចូលផ្សែងបង្កឡើងដោយសារអគ្គិភ័យ ៕