
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី នៅថ្ងៃពុធ (ទី១២ ខែមិថុនា) ដើម្បីចូលរួមកិច្ចប្រជុំជាមួយមេដឹកនាំក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) ក្នុងគោលបំណងបង្កើនសម្ពាធលើរុស្ស៊ី ជុំវិញសង្គ្រាមរបស់ប្រទេសនេះប្រឆាំងនឹងអ៊ុយក្រែន និងចិន ពាក់ព័ន្ធនឹងការគាំទ្រ ចំពោះទីក្រុងម៉ូស្គូ និងទំហំឧស្សាហកម្មលើសចំណុះ។
បណ្ដាមេដឹកនាំ G7 បង្ហាញវត្តមាននៅឯកិច្ចប្រជុំកំពូលដែលមានបញ្ហាប្រឈមជាច្រើន នៅក្នុងស្រុក ទោះបីជាពួកគេស្វះស្វែងរកផ្លូវដោះស្រាយបញ្ហាសំខាន់ៗជាច្រើនរបស់ពិភពលោកក៏ដោយ។
លោក Biden វ័យ ៨១ឆ្នាំ បានចំណាយពេលនាល្ងាចថ្ងៃអង្គារ (ទី១១ ខែមិថុនា) នៅគេហដ្ឋានរបស់លោក ក្នុងទីក្រុង Wilmington រដ្ឋ Delaware បន្ទាប់ពីគណៈវិនិច្ឆ័យដែលមានសមាជិក ១២រូប បានកាត់ទោសកូនប្រុសរបស់លោក គឺលោក Hunter Biden ពីបទកុហកអំពីការប្រើថ្នាំញៀនរបស់ខ្លួន ដើម្បីទិញកាំភ្លើងដោយខុសច្បាប់ ក្នុងឆ្នាំ២០១៨ ដោយការសម្រេចនេះធ្វើឲ្យរូបលោកក្លាយជាកូនរបស់ប្រធានាធិបតីអាមេរិកក្នុងតំណែងដំបូងគេ ដែលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ។
គួរបញ្ជាក់ថា អំឡុងកិច្ចប្រជុំថ្ងៃទី ១៣-១៥ ខែមិថុនា ប្រមុខនៃបណ្ដាប្រទេសប្រជាធិបតេយ្យ ដែលមានការអភិវឌ្ឍខ្លាំងជាងគេបំផុតរបស់ពិភពលោក នឹងលើកឡើងពីបញ្ហាប្រឈមនានា ក្នុងនោះរួមទាំងសង្គ្រាម នៅអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា អតុល្យភាពពាណិជ្ជកម្មជាមួយប្រទេសចិន ការគំរាមកំហែងដែលបង្កឡើងដោយបញ្ញាសិប្បនិម្មិត (AI) ហើយនិងបញ្ហាប្រឈមក្នុងការអភិវឌ្ឍ នៅអាហ្វ្រិក។
អ្នកនាំពាក្យសេតវិមាន លោក John Kirby កាលពីថ្ងៃអង្គារ បាននិយាយថា បណ្ដាមេដឹកនាំទាំងអស់ នឹងប្រកាសពីការដាក់ទណ្ឌកម្មថ្មី និងការត្រួតពិនិត្យការនាំចេញប្រឆាំងនឹងរុស្ស៊ី ដែលដាក់គោលដៅលើអង្គភាព និងបណ្តាញនានា ដែលជួយកងកម្លាំងរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ធ្វើសង្រ្គាមនៅប្រទេសអ៊ុយក្រែន។ លោក Kirby បាននិយាយថា៖ «យើងនឹងបន្តបង្កើនការខាតបង់យ៉ាងធំធេងដល់ម៉ាស៊ីនជួយដល់សង្រ្គាមរបស់រុស្ស៊ី»៕