
មេដឹកនាំក្រុមអាល់កៃដានៅអាហ្វហ្គានីស្ថាន Saif al-Adl បានចេញការអំពាវនាវដល់យុទ្ធជនបរទេស នៅជុំវិញពិភពលោក ឲ្យធ្វើដំណើរទៅកាន់អាហ្វហ្គានីស្ថាន និងចូលរួមជាមួយក្រុមភេរវកម្មជីហាដ។
របាយការណ៍ថ្មីមួយនៅក្នុងទស្សនាវដ្តី Long War Journal នៃមូលនិធិការពារលទ្ធិប្រជាធិបតេយ្យ (FDD) បង្ហាញពីការអំពាវនាវពីលោក al-Adl ហើយរហូតមកដល់ពេលនេះ ជាការចង្អុលបង្ហាញយ៉ាងច្បាស់បំផុតពីក្រុមអាល់កៃដា សម្រាប់ជនបរទេសចូលមកអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមតាលីបង់ បានកាន់កាប់ទីក្រុងកាប៊ុល នៅឆ្នាំ ២០២១។
លោក Bill Roggio មន្ត្រីជាន់ខ្ពស់នៅមូលនិធិការពារលទ្ធិប្រជាធិបតេយ្យ និងជានិពន្ធនាយកនៃទស្សនាវដ្តី Long War Journal បានប្រាប់សារព័ត៌មាន Fox News Digital ថា សារនេះ ត្រូវប្រកាសជាផ្លូវការថា អាហ្វហ្គានីស្ថាន ជាជម្រកសុវត្ថិភាពសម្រាប់ក្រុមភេរវករ។
លោកបានព្រមានថា៖«ក្រុមអាល់កៃដា មានទំនុកចិត្តយ៉ាងមុតមាំ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយបានបង្កើតជំរំហ្វឹកហាត់ នៅក្នុងខេត្តចំនួន ១០ ក៏ដូចជាសាលាសាសនា ផ្ទះសុវត្ថិភាព ឃ្លាំងអាវុធ និងមជ្ឈមណ្ឌលប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ… អាល់កៃដា កំពុងប្រាប់យើងថា ខ្លួនគ្រោងនឹងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធភេរវកម្មនេះ ដើម្បី វាយប្រហារលោកខាងលិច»។