
មេដឹកនាំយោធានៃក្រុមហាម៉ាស បាននិយាយថា ខ្លួនជឿថា ខ្លួនទទួលបានអំណាចលើអ៊ីស្រាអែល ហើយចំនួនអ្នកស្លាប់ជនស៊ីវិលដែលកំពុងកើនឡើង នៅក្នុងតំបន់ហ្កាហ្សា នឹងដំណើរការតាមការពេញចិត្តរបស់ក្រុមសកម្មប្រយុទ្ធ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Wall Street Journal (WSJ) ដោយដកស្រង់សារលេចធ្លាយដែលខ្លួនបានឃើញ។
សារព័ត៌មាន WSJ បានរាយការណ៍កាលពីថ្ងៃចន្ទថា លោក Yahya Sinwar បានប្រាប់មេដឹកនាំក្រុមហាម៉ាសផ្សេងទៀតនាពេលថ្មីៗនេះថា៖«យើងមានជនជាតិអ៊ីស្រាអែល នៅកន្លែងដែលយើងចង់បាន»។ម្យ៉ាងវិញទៀត លោក Sinwar ត្រូវបានគេនិយាយថា បានពិពណ៌នាអំពីការស្លាប់របស់ជនស៊ីវិលថា ជា «ការលះបង់ដ៏ចាំបាច់» ខណៈពេលដែលបានលើកឡើងពីជម្លោះទាក់ទងនឹងឯករាជ្យភាពកន្លងមក នៅក្នុងប្រទេសមួយចំនួន ដូចជាអាល់ហ្សេរីជាដើម។
សារព័ត៌មាន WSJ បានឲ្យដឹងទៀតថា ខ្លួនបានពិនិត្យមើលសាររាប់សិប ដែលត្រូវបានផ្ញើទៅកាន់អ្នកចរចាបទឈប់បាញ់ពីលោក Sinwar ដែលមិនត្រូវបានគេឃើញជាសាធារណៈ ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាសទៅលើអ៊ីស្រាអែល បានបណ្តាលឲ្យមនុស្ស ១.២០០នាក់ស្លាប់ និង ២៥០នាក់ទៀត ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ។ យោងតាមអាជ្ញាធរសុខាភិបាលនៅទីនោះ បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលជាបន្តបន្ទាប់ក្នុងគោលបំណងកម្ទេចក្រុមនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣៧.000នាក់ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។