ភ្នំពេញ ៖ ខណៈទិវាពិភពលោកប្រឆំាងពលកម្មកុមារ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ មន្រ្តីជាន់ខ្ពស់នៃកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំងពលកម្មកុមារនៅរោងចក្រ សហគ្រាស ដែលនាំឲ្យប៉ះពាល់ដល់បញ្ហាសុខភាព សុវត្ថិភាព និងការរៀនសូត្រជាដើមរបស់កុមារ។
ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ កម្ពុជាមិនមានការលើកទឹកចិត្តឲ្យមានការប្រើប្រាស់កម្លាំងពលកម្មកុមារនោះទេ ទោះបីជាកន្លែងខ្លះមានការលាក់បាំងអំពីការប្រើប្រាស់កម្លាំងពលកម្មកុមារ និងស្នើឲ្យមហាជនទាំងអស់ ក៏ដូចជាក្រុមគ្រួសារកុមាររាយការណ៍បន្ទាន់មកសមត្ថកិច្ច ដើម្បីធ្វើអន្តរាគមន៍។ ដូច្នេះហើយ ការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស គឺមិនឃើញមាន ប៉ុន្តែបើករណីឃើញមានតាមសិប្បកម្មណា ក្រុមហ៊ុនណា ឬទីកន្លែងណា សូមរាយការណ៍មកក្រសួងសមត្ថកិច្ចដើម្បីធ្វើអន្តរាគមន៍ និងការរំដោះកុមារចេញជាបន្ទាន់ ពីព្រោះកុមារត្រូវការមានសុខភាព កុមារត្រូវមានសុវត្ថិភាព កុមារត្រូវការរៀនសូត្រ ដែលយើងត្រូវការលើកកម្ពស់កុមារ សិទ្ធិកុមារ។
ឯកឧត្តម កត្តា អ៊ន ក៏បានអំពាវនាវដល់មហាជនទាំងអស់ ក៏ដូចជាអង្គការសង្គមស៊ីវិល និងប្រជាជនកម្ពុជាថា ការលុបបំបាត់ ការប្រយុទ្ធប្រឆាំងកម្លាំងពលកម្មកុមារ គឺជារឿងដែលត្រូវធ្វើទាំងអស់គ្នា និងត្រូវមានការសហការក្នុងករណីមានការលើកឡើងថា ទីកន្លែងណាមួយមានប្រើប្រាស់កម្លាំងពលកម្មកុមារ សូមសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការសើបអង្កេត និងដោះស្រាយបញ្ហាជូនកុមារទាំងអស់គ្នា៕
អត្ថបទ ៖ ឈិត បូរ៉ាវី

