
នៅថ្ងៃចន្ទនេះ តំបន់ភាគខាងត្បូង Puglia ប្រទេសអ៊ីតាលី បានរឹតបន្តឹងវិធានការសន្តិសុខ រយៈពេល ១ថ្ងៃមុនកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន G7ដែលកំណត់រៀបចំឡើងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមិថុនា ។
អ៊ីតាលី បានដាក់ពង្រាយបុគ្គលិកពង្រឹងច្បាប់ ៥ពាន់នាក់ រួមទាំងសមាជិកកងទ័ព ក្រុមនគរបាល និងកងកម្លាំងនគរបាលជាតិ ដើម្បីធានាសន្តិសុខនៅក្នុងទីក្រុង Brindisi ជាទីដែលប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីសហរដ្ឋអាមេរិក ជប៉ុន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងអង់គ្លេស នឹងជួបជុំគ្នា ដើម្បីពិភាក្សាលើបញ្ហាអន្តរជាតិសំខាន់ៗជាច្រើន រួមទាំងបញ្ហាសង្រ្គាមនៅអ៊ុយក្រែន និងវិបត្តិជម្លោះនៅតំបន់ហ្កាហ្សា ។
បន្ទប់ប្រតិបត្តិការបណ្តោះអាសន្នសម្រាប់ទាហាន និងនគរបាល ត្រូវបានដំឡើងនៅជិតតំបន់ទេសចរណ៍ Borgo Egnazia ស្របពេលដែលក្រុមអ្នកមុជទឹក និងក្រុមអ្នកបាញ់កាំភ្លើងស៊ីប ឃ្លាំមើលកំពង់ផែក្រុង Brindisi ។
ជំនួបដំបូងរបស់គណៈប្រតិភូក្រុមប្រទេស G7 នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ស្អែកដោយពិភាក្សាលើបញ្ហាអាហ្វ្រិក បញ្ហាបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍ ៕