
ទូរទស្សន៍រដ្ឋ CCTV រាយការណ៍នៅថ្ងៃពុធនេះថា ភ្ញៀវទេសចរ បានជំនះសីតុណ្ហភាពហក់ឡើងខ្ពស់ និងបានសម្រុកធ្វើដំណើរទៅកម្សាន្តលេងតំបន់ Flaming Mountains ស្របពេលដែលតំបន់មួយចំនួននៅក្នុងប្រទេសចិន មើលឃើញសីតុណ្ហភាពឡើងខ្ពស់បំផុត ។
ទូរទស្សន៍ CCTV បានចាក់ផ្សាយរូបភាពវីដេអូឃ្លីបឃើញក្រុមភ្ញៀវទេសចរពាក់មួក និងទូលឆ័ត្រ ថតរូបខ្លួនឯងនៅជិតទែម៉ូម៉ែត្រកម្ពស់ ១២ម៉ែត្រ ដែលបង្ហាញសីតុណ្ហភាព ៧៥អង្សាសេ ស្របពេលដែលសីតុណ្ហភាពខ្យល់មាន ៤០អង្សាសេ ។
CCTV រាយការណ៍ថា បើទោះបីជាអាកាសធាតុក្តៅខ្លាំងបែបនេះក៏ដោយ ភ្ញៀវទេសចរនៅតែបន្តជួបជុំគ្នានៅតំបន់ Flaming Mountains ស្ថិតនៅខេត្តភាគខាងជើង Xinjiang ដើម្បីដើរកម្សាន្តលេងនៅទីនោះ ។
សូមបញ្ជាក់ថា សីតុណ្ហភាព បានហក់ឡើងខ្ពស់បំផុតជាប់កំណត់ត្រានៅតំបន់ភាគខាងជើង និងតំបន់ភាគកណ្តាលប្រទេសចិនក្នុងសប្តាហ៍នេះ ខណៈគ្រោះរាំងស្ងួតធ្ងន់ធ្ងរកើតមាននៅតំបន់ភាគខាងកើត កំពុងគំរាមកំហែងដល់ដំណាំ ស្របពេលប្រទេសជាច្រើននៅទូទាំងអាស៊ី ប្រឈមនឹងអាកាសធាតរដូវក្តៅក្តៅខ្លាំង ៕