
បុរាណស្ថាន Acropolis នៅទីក្រុងអាថែន ជាកន្លែងទេសចរណ៍ដែលមានអ្នកទៅទស្សនាច្រើនបំផុតរបស់ប្រទេសក្រិកនោះ ត្រូវបានបិទជាសាធារណៈ អំឡុងរយៈពេលប៉ុន្មនាម៉ោង ដែលមានសីតុណ្ហភាពក្តៅខ្លាំងបំផុត នាថ្ងៃពុធ (ទី១២ ខែមិថុនា) នេះ ដោយសារតែរលកកម្ដៅបានវាយប្រហារពាសពេញប្រទេសនេះ។
ក្រសួងវប្បធម៌បានឲ្យដឹងថា តំបន់បុរាណវត្ថុក្នុងបញ្ជីរបស់អង្គការយូណេស្កូមួយនេះ នឹងបិទចាប់ពីថ្ងៃត្រង់រហូតដល់ម៉ោង ៥ល្ងាច (ម៉ោងក្នុងស្រុក) ដោយគេរំពឹងថា សីតុណ្ហភាពនឹងឡើងខ្ពស់ដល់ ៤៣អង្សាសេ នៅថ្ងៃទី១២ និងទី១៣ ខែមិថុនា។
រលកកម្ដៅទី១ ប្រចាំឆ្នាំ នៅប្រទេសក្រិក ដែលត្រូវបានប៉ះពាល់យ៉ាងទៀងទាត់ដោយសីតុណ្ហភាពរដូវក្តៅក្ដៅខ្លាំងនោះ គឺនឹងឡើងខ្ពស់បំផុត ក្នុងរយៈពេល ២ថ្ងៃនេះ ហើយក្រសួងបាននិយាយថា វិធានការនេះអាចនឹងត្រូវបន្តបន្លាយពេលវេលាទៀត។
ជាមួយគ្នានេះ ក្រសួងវិបត្តិអាកាសធាតុ និងការពារស៊ីវិល បានព្រមានអំពីហានិភ័យខ្ពស់ពីការមានអគ្គិភ័យ នៅក្នុងតំបន់ Attica ជុំវិញទីក្រុងអាថែន។
លើសពីនេះទៀត សាលារៀនជាច្រើន នៅតាមតំបន់មួយចំនួនរបស់ប្រទេស នឹងត្រូវបិទនៅថ្ងៃទី១២ និងទី១៣ ខែមិថុនា ក្នុងនោះរួមទាំងតំបន់នៅក្នុងរដ្ឋធានីផងដែរ ខណៈដែលក្រសួងការងារ បានណែនាំដល់បុគ្គលិក ក្នុងវិស័យសាធារណៈឲ្យធ្វើការពីគេហដ្ឋានរបស់ខ្លួន។
អាជ្ញាធរដឹកជញ្ជូនសាធារណៈ បានឲ្យដឹងថា សាលបំពាក់ដោយម៉ាស៊ីនត្រជាក់មួយ ត្រូវបានបើកដំណើរការ នៅស្ថានីយ៍រថភ្លើងក្រោមដី Syntagma នាកណ្តាលទីក្រុងអាថែន ក្នុងគោលបំណងផ្តល់ឲ្យសាធារណជននូវកន្លែងជ្រកកោនពីកម្ដៅ៕