យោងតាមការស្ទង់មតិរបស់សារព័ត៌មាន Reuters និងមជ្ឈមណ្ឌលស្រាវជ្រាវទីផ្សារសកល Ipsos ដែលបានបិទការស្ទង់មតិកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានឲ្យដឹងថា អ្នកបោះឆ្នោតអាមេរិកភាគច្រើនបានតាមដានការកាត់ទោសពីបទព្រហ្មទណ្ឌរបស់កូនប្រុសលោកប្រធានាធិបតី Joe Biden គឺ លោក Hunter Biden ហើយភាគច្រើននិយាយថាការកាត់ទោសរបស់លោកនឹងមិនប៉ះពាល់ដល់ការបោះឆ្នោតរបស់ពួកគេនៅថ្ងៃទី ៥ ខែវិច្ឆិកានោះទេ។

ប្រហែល ៦៧% នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះនៅក្នុងការស្ទង់មតិរយៈពេលពីរថ្ងៃបាននិយាយថា ពួកគេបានឮការកាត់ទោសលោក Hunter Biden ដែលកាលពីថ្ងៃចន្ទត្រូវបានកាត់ទោសពីបទភូតកុហកការប្រើគ្រឿងញៀនរបស់លោកដើម្បីទិញកាំភ្លើង។
ប៉ុន្តែ៨០% បាននិយាយថា សាលក្រមលើកដំបូងដែលកូនរបស់ប្រធានាធិបតីកំពុងកាន់តំណែង ត្រូវបានកាត់ទោសពីបទព្រហ្មទណ្ឌ នឹងមិនមានប៉ះពាល់ដល់លទ្ធភាពរបស់ពួកគេក្នុងការបោះឆ្នោតឱ្យ Joe Biden ដែលកំពុងស្វែងរកការជាប់ឆ្នោតអាណត្តិថ្មីនៅក្នុងខែវិច្ឆិកា នោះទេ។
ការផ្តន្ទាទោសរបស់បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋលោក Donald Trump កាលពីខែមុនលើការចោទប្រកាន់ពីការព្យាយាមបិទបាំងការបង់ប្រាក់បំបិទមាត់ដ៏រំជើបរំជួលដល់តារាភាពយន្តអាសអាភាស នាងStormy Daniels បានធ្វើឱ្យដក់ជាប់ក្នុងចិត្តរបស់អ្នកបោះឆ្នោតដែលមានត្រឹមតែ ៦១% ប៉ុណ្ណោះ ដែលនិយាយថាការជំនុំជម្រះទោសនោះ នឹងមិនមានផលប៉ះពាល់ដល់ការសម្រេចចិត្តរបស់ពួកគេនោះទេ៕
