ជប៉ុន៖ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ករណីឆ្លងវីរុស COVID-19 ប្រចាំថ្ងៃរបស់ប្រទេសជប៉ុនបានកើនឡើងដល់ ២០.០០០ករណីកាលពីថ្ងៃសុក្រជាលើកទី១ ចាប់តាំងពីការរាលដាលវីរុសបានចាប់ផ្តើម ជាមួយនឹងការកត់ត្រាការឆ្លងថ្មីចំនួន ៥.៧៧៣ករណីនៅក្នុងទីក្រុងតូក្យូ។

នេះជាលើកទី២ ហើយដែលតួលេខនៃការឆ្លង សម្រាប់ទីក្រុងតូក្យូកើនឡើងដល់ ៥ពាន់ករណីក្នុងមួយថ្ងៃ។ ករណីថ្មីនៅទីក្រុងតូក្យូបានកើនលើសកម្រិតខ្ពស់មុនចំនួន ៥.០៤២ករណីដែលបានកត់ត្រាកាលពីមួយសប្តាហ៍មុន។ ក្រសួងសុខាភិបាលបាននិយាយថា ចំនួនអ្នកជំងឺ COVID-19 របស់ជប៉ុនដែលមានរោគសញ្ញាធ្ងន់ធ្ងរ បានកើនឡើងដល់ចំនួនខ្ពស់បំផុតមិនធ្លាប់មានចំនួន ១.៤៧៨នាក់។ ការកើនឡើងកើតមាននាពេលថ្មីៗនេះ ខណៈជារដូវកាលវិស្សមកាលរដូវក្តៅ។ អភិបាលក្រុងតូក្យូកំពុងអំពាវនាវឱ្យប្រជាពលរដ្ឋ កុំធ្វើដំណើរទៅខេត្តផ្សេងៗទៀត។ ចាប់តាំងពីពាក់កណ្ដាលខែកក្កដា ករណីធ្ងន់ធ្ងរនៃអ្នកជំងឺកូវីដ-១៩ បានកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសជប៉ុន។
ដោយសារតែការវិវត្តន៍យឺតនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេស ករណីធ្ងន់ធ្ងរបានកើនឡើងក្នុងចំណោមអ្នកដែលមានអាយុ ៤០ និង ៥០ឆ្នាំ ជាពិសេសនៅទីក្រុងតូក្យូ។ ហើយក្នុងចំណោមអ្នកជំងឺវ័យក្មេងត្រូវបានគេរកឃើញផងដែរ ដែលមានរោគសញ្ញាធ្ងន់ធ្ងរត្រូវបានកំណត់ថា ជាអ្នកដែលត្រូវការជំនួយពីបំពង់អុកហ្សីហ្សែន ឧបករណ៍ជំនួយបេះដូង សិប្បនិម្មិត ឬចូលព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ ខណៈគ្រែនៅមន្ទីរពេទ្យនៅរដ្ឋធានីសម្រាប់តែអ្នកជំងឺ COVID-19 ធ្ងន់ធ្ងរមានជាង ៥០%។ ប្រទេសជប៉ុនមានករណីឆ្លងវីរុស COVID-19 សរុប ១,០៨៧,៧៧៩ករណី និងមានអ្នកស្លាប់ ១៥,៣៥៨នាក់៕
អត្ថបទ៖ ប៊ុនថន