ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃពុធ (១២ មិថុនា) ដែលរុស្ស៊ី និងចិនបានព្យាយាមរារាំងតែមិនជោគជ័យថា ជីវិតរស់នៅសម្រាប់ប្រជាជនកូរ៉េខាងជើង គឺជា «ការតស៊ូយ៉ាងលំបាកប្រចាំថ្ងៃដែលគ្មានក្ដីសង្ឃឹម»។ ក្រុមប្រឹក្សាសមាជិកចំនួន ១៥ រូបនេះបានធ្លាប់ជួបប្រជុំគ្នាចុងក្រោយលើបញ្ហានេះនៅក្នុងខែសីហា ឆ្នាំ២០២៣ ដែលជាការពិភាក្សាជាសាធារណៈលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ មក។

ចិន និងរុស្ស៊ី លើកឡើងថា ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ គឺជាកន្លែងសមរម្យសម្រាប់ការពិភាក្សាអំពីសិទ្ធិមនុស្ស មិនមែននៅក្នុងក្រុមប្រឹក្សាសន្តិសុខ ដែលជាស្ថាប័នទទួលបន្ទុកលើការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិទេ។
ចិន និងរុស្ស៊ីបានព្យាយាមរារាំងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនោះ ដោយអំពាវនាវឱ្យមានការបោះឆ្នោតតាមនីតិវិធី។ សមាជិកចំនួន ១២ រូបបានបោះឆ្នោតគាំទ្រ ខណៈរុស្ស៊ី និងចិនបានបោះឆ្នោតប្រឆាំង ហើយប្រទេសម៉ូហ្សំប៊ិក បានអនុប្បវាទ ដែលមានន័យថាកិច្ចប្រឹងប្រែងរារាំងរបស់រុស្ស៊ី និងចិន មិនទទួលជោគជ័យទេ។ កូរ៉េខាងជើង បានច្រានចោលម្តងហើយម្តងទៀតនៃការចោទប្រកាន់រំលោភបំពានសិទ្ធិមនុស្ស និងបន្ទោសការដាក់ទណ្ឌកម្មដោយប្រទេសមួយចំនួន ជាពិសេសពីសហរដ្ឋអាមេរិក ថាជាមូលហេតុរុញឱ្យមានស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេស។
អគ្គរដ្ឋទូតរងចិន ប្រចាំអង្គការសហប្រជាជាតិ លោក កឹង ស្ហ័ង (Geng Shuang) បានប្រាប់ក្រុមប្រឹក្សាថា «ការជំរុញឱ្យក្រុមប្រឹក្សាធ្វើអន្តរាគមន៍ក្នុងបញ្ហាសិទ្ធិមនុស្សរបស់កូរ៉េខាងជើង នឹងមិនជួយបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េនោះទេ តែផ្ទុយទៅវិញមានតែជំរុញឱ្យមានការប្រឆាំង និងធ្វើឱ្យការប្រឈមមុខដាក់គ្នាកាន់តែធ្ងន់ធ្ងរឡើងបុណ្ណោះ»៕

