ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធ (១២ មិថុនា) ថា ប្រជាជនជាច្រើននៅតំបន់សង្រ្គាមហ្កាហ្សា កំពុងប្រឈមមុខនឹង «ភាពអត់ឃ្លានដ៏មហន្តរាយ និងលក្ខខណ្ឌដូចគ្រោះទុរ្ភិក្ស»។

អគ្គនាយកអង្គការ WHO លោក តេដ្រូស អាដហាណូម ហ្កេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បានបន្ថែមថា «ទោះបីជាមានរបាយការណ៍អំពីកំណើននៃការដឹកជញ្ជូនក៏ដោយ ក៏បច្ចុប្បន្ននេះមិនមានភស្តុតាងណាមួយបង្ហាញថាអ្នកដែលត្រូវការជំនួយខ្លាំងបំផុតកំពុងទទួលបានបរិមាណ និងគុណភាពនៃអាហារគ្រប់គ្រាន់នោះទេ»។
លោក តេដ្រូស បាននិយាយថាមានកុមារជាង ៨.០០០ នាក់ដែលមានអាយុក្រោម ៥ ឆ្នាំ ត្រូវបានគេធ្វើរោគវិនិច្ឆ័យ និងព្យាបាលសម្រាប់កង្វះអាហារូបត្ថម្ភ រួមទាំងកុមារចំនួន ១.៦០០ នាក់ដែលមានកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ លោកបន្តថា «ទោះជាយ៉ាងណាក៏ដោយ ដោយសារតែអសន្តិសុខ និងកង្វះលទ្ធភាពនៃការចូលប្រើប្រាស់ មានតែមជ្ឈមណ្ឌលថែទាំសុខភាពចំនួនពីរសម្រាប់អ្នកជំងឺកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរប៉ុណ្ណោះ ដែលអាចដំណើរការបាន»។
ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានរកឃើញថាទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅដើមដំបូងនៃសង្រ្គាមហ្កាហ្សា ហើយថាសកម្មភាពរបស់អ៊ីស្រាអែល ក៏បានបង្កើតជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយសារតែមានអ្នកស្លាប់ជនស៊ីវិលយ៉ាងសម្បើម។
លោក តេដ្រូស ក៏បានគូសបញ្ជាក់អំពីវិបត្តិសុខភាពដាច់ដោយឡែកមួយនៅតំបន់ វេសបែង (West Bank) ជាទីដែលលោកបាននិយាយថា កន្លែងថែទាំសុខភាពត្រូវបានកំណត់គោលដៅដោយការវាយប្រហារជិត ៥០០ លើកចាប់តាំងពីថ្ងៃទី០៧ ខែតុលា មក៕

