ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក្នុងដំណើរទស្សនកិច្ចដោយពុំបានប្រកាសជាមុនទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃពុធ បាននិយាយថា លោកបានពិភាក្សាអំពីការត្រៀម សម្រាប់កិច្ចប្រជុំកំពូលសន្តិភាពនៅចុងសប្តាហ៍នេះ ជាមួយព្រះអង្គម្ចាស់ ម៉ូហាម៉េដ ប៊ីន សាលម៉ាន( Mohammed bin Salman)។ លោក Zelenskyy បានចុះចតនៅទីក្រុង Jeddah សមុទ្រក្រហម សម្រាប់ ដំណើរទស្សនកិច្ចចុងក្រោយរបស់លោក ទៅកាន់ព្រះរាជាណាចក្រតំបន់ឈូងសមុទ្រ ដែលបានព្យាយាមរក្សាអព្យាក្រឹតភាពក្នុងសង្គ្រាមរវាងអ៊ុយក្រែន ជាមួយរុស្ស៊ី។

នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកបាននិយាយថា លោកបានរៀបចំជំនួបជាមួយមេដឹកនាំប្រទេសអារ៉ាប៊ីសាអូឌីត យើងបានពិភាក្សាអំពីការត្រៀមសម្រាប់កិច្ចប្រជុំកំពូលសន្តិភាពសក ដែលលទ្ធផលត្រូវបានរំពឹងទុក និងការអនុវត្តដែលអាចធ្វើទៅបាន ព្រមទាំងមធ្យោបាយ ដើម្បីនាំមកនូវសន្តិភាពពិតប្រាកដសម្រាប់អ៊ុយក្រែនឲ្យខិតកាន់តែជិត។
លោក Zelenskyy បានធ្វើដំណើរទៅជុំវិញពិភពលោក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីប្រមូលផ្តុំការគាំទ្រ និងការចូលរួមសម្រាប់កិច្ចប្រជុំកំពូលសន្តិភាព ដែលគ្រោងធ្វើនៅប្រទេសស្វីស នៅចុងសប្តាហ៍នេះ។ លោក បានធ្វើទស្សនកិច្ចនៅប្រទេសសម្ព័ន្ធមិត្តជាប្រពៃណីនៅក្នុងសហភាពអឺរ៉ុប ព្រមទាំងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងអាស៊ី ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី។
អ្នកតំណាងមកពីប្រទេសប្រមាណ៩០ ត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅក្នុងប្រទេសស្វីស ដើម្បីពិភាក្សាអំពីផែនការរបស់ទីក្រុងគីវ សម្រាប់ការបញ្ចប់សង្រ្គាម។
ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅធំបំផុតរបស់ពិភពលោក ធ្វើការយ៉ាងជិតស្និទ្ធជាមួយទីក្រុងមូស្គូ លើគោលនយោបាយប្រេង ហើយបានសរសើរទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងមូស្គូ និងទីក្រុងគីវ ចាប់តាំងពីរុស្ស៊ី បានវាយលុកលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយដាក់ជំហររបស់ខ្លួនជាអ្នកសម្របសម្រួល នៅក្នុងសង្រ្គាម។